ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់វិល សហការគ្នាចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលជននោះមើលមួយភ្លែតស្រីមិនចំស្រី ប្រុសមិនចំប្រុស រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង០០ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងសុំមិនបាច់បញ្ចេញឈ្មោះប្រាប់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន មើលមួយភ្លែតស្រីមិនចំស្រីប្រុសមិនចំប្រុសឈ្មោះ អ៊ុក ម៉ូនីតា ភេទស្រី អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នមានទីលំភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាស្រីមិនចំស្រីប្រុសមិនចំប្រុសខាងលើនេះ កម្លាំងធ្វើការដកហូតនូវវត្ថុតាងប្រភេទម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ និងបារីយីហោម៉ាក អាឡាំងដឺឡុងចំនួន ១កញ្ចប់មានបារីចំនួន ៨ដើម រួមទាំងសម្ភារម៉ូតូ ១គ្រឿងម៉ាក កាវ៉ាសាគី ពណ៌ចំរុះ មិនបញ្ជាក់ស្លាកលេខ មានឬគ្មាននោះ។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងជំនាញបានដកហូតយកទៅរក្សាទុក ចំណែកជនសង្ស័យបានអប់រំ និងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរត្រឹមត្រូវ ហើយបានឲ្យអាណាព្យាបាលបន្តនីតិវិធីយកទៅមណ្ឌលកែប្រែដោយខ្លួនឯង៕ ប៉ឹម ពិន