ព័ត៌មានទាន់ហេតុការណ៍៖

ខឹងមិនឲ្យខ្ចីម៉ូតូដាក់ម៉ាដុំឥដ្ឋបែកក្បាល ចូលគុកល្មម

ចែករំលែក៖

ភ្នំពេញ៖ យុវជនក្មេងស្ទាវម្នាក់ បានទាញឥដ្ឋការ៉ូវៃក្បាលយុវជនម្នាក់ទៀតដែលកំពុងអង្គុយក្បែរចញ្ចើមផ្លូវ បណ្ដាលឲ្យរបួសបែកក្បាល ព្រោះតែទៅខ្ចីម៉ូតូជិះមិនបាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចយ៉ាងខ្លាំងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅប្រឆិតខាងត្បួងវិទ្យាល័យ ជា សុីម សាមគ្គី ប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនបង្កមានឈ្មោះ អូ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ក្បែរកន្លែងកើតហេតុ ដោយធ្លាប់បែកថ្នាំ និងត្រូវម្ដាយចាប់ដាក់មណ្ឌលកែប្រែកន្លងរួចមកហើយ ។ ចំណែកយុវជនរងគ្រោះមានឈ្មោះ រិន ចាន់ អាយុ24 ឆ្នាំមុខរបរកម្មករលើកបន្លែស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានបងប្អូនបក្សពួកជនរងគ្រោះមាន២នាក់ ទី១ឈ្មោះសល់ សាម៉ុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរចាប់ហ៊ូយ ស្នាក់នៅកន្លែងកើតហេតុខាងលើ (ជាអ្នកកាន់កាំបិតនិងដំបងជ្រុង) ទី២ឈ្មោះ ហួរ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលើបន្លែ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសម្ដីយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុនោះគឺ រូបគេបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខមកពីផ្ទះជួល បំណងមកយាមផ្ទះបងប្អូននៅកន្លែងកើតហេតុ ពីព្រោះបងប្អូនដែលជាម្ចាស់បន្ទប់លក់ចាបហ៊ូ បានជាប់ទៅកម្មវិធីជប់លៀង ។ ខណះពេលដែលជនរងគ្រោះមកដល់ផ្ទះបន្ទប់បងប្អូន ស្រាប់តែបន្ទប់នោះបានចាក់សោរជាប់មិនអាចចូលបាន។

បន្ទាប់មកជនរងគ្រោះក៏បានអង្គុយលេងនៅមុខបន្ទប់ជាកន្លែងកើតហេតុ គ្រានោះក៏មានយុវជនបង្កឈ្មោះ អូ សីហា ដែលជនរងគ្រោះមិនធ្លាប់ស្គាល់ពីមុនមក ហើយបានដើរមកខ្ចីម៉ូតូជិះ តែយុវជនរងគ្រោះមិនអោយ រួចយុវជនបង្កក៏បានដើរចេញទៅយកដំឥដ្ឋការ៉ូ មកវៃក្បាលយុវជនរងគ្រោះបណ្ដាលឲ្យបែកក្បាលចេញឈាម រងរបួសស្រាល ភ្លាមនោះយុវជនរងគ្រោះក៏បានស្រែឲ្យបងប្អូនរបស់គាត់នៅក្បែរនោះជួយ ។ ភ្លាមនោះ បក្សពួកយុវជនរងគ្រោះខាងលើបានចេញមកហើយយកកាំបិតនិងដំបងឈើជ្រុងរៀបនិងកាប់ចាក់គ្នា តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងសាឡាងចុះជួយអន្តរាគមន៍ ដកហូតកាំបិតនិងឈើជ្រុងពីបក្សពួកជនរងគ្រោះទាន់ពេលវេលា រួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដែលជាម្ចាស់ទឹកដី ឲ្យចុះមកដឹកយកបក្សពួកជនរងគ្រោះ រួមទាំងជនបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសាកសួរនិងកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖