ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្ស ៣នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨ និង៣៦នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅម៉ោងខាងលើមានម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ គុយ យ៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ សញ្ជាតិខ្មែរ និងអ្នករួមដំណើរឈ្មោះ សំ សៀង ភេទប្រុស អាយុ ៦០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំភូមិសំរោង ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វាដូចគ្នា ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរដោយឈ្មោះ សៅ សុខជា ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នមានទីលំភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(ពីកើតទៅលិច) បណ្ដាលឲ្យដួលបោករងរបួសរដូករណេលពេញផ្លូវយ៉ាងរន្ធត់។

ប្រភពខាងលើបន្តថា ភ្លាមៗនោះជនរងរបួសត្រូវបានគេជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងបានយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ រង់ចាំវាសវែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ បឹុម ពិន


ចែករំលែក៖