ភ្នំពេញៈ ដោយសារតែខ្ចីម៉ូតូគេជិះមិនបាន ធ្វើឲ្យយុវជនម្នាក់មានកំហឹងទាញដុំឥដ្ឋវាយក្បាលម្ចាស់ម៉ូតូបែកហូរឈាមកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅជិតវិទ្យាល័យ ជា ស៊ីម សាមគ្គី ប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង បានឲ្យដឹងថា ជនបង្កឈ្មោះ អូ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ក្បែរកន្លែងកើតហេតុ ដោយធ្លាប់បែកថ្នាំ និងត្រូវម្ដាយចាប់ដាក់មណ្ឌលកែប្រែកន្លងរួចមកហើយ។ ចំណែកយុវជនរងគ្រោះឈ្មោះ រិន ចាន់ អាយុ២៤ឆ្នាំ មុខរបរកម្មករលើកបន្លែស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានបងប្អូនបក្សពួកជនរងគ្រោះមាន២នាក់ ទី១ឈ្មោះសល់ សាម៉ុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរចាប់ហួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ (ជាអ្នកកាន់កាំបិតនិងដំបងជ្រុង) ទី២ឈ្មោះ ហួរ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលើបន្លែ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ទាក់ទិននឹងអំពើហិង្សានេះយុវជនជារងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ រូបគេបានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខមយយគ្រឿងមកពីផ្ទះជួល បំណងមកយាមផ្ទះបងប្អូននៅកន្លែងកើតហេតុ ពីព្រោះបងប្អូនជាប់រវល់ទៅចូលរួមកម្មវិធីជប់លៀងមិត្តភ័ក្តិបាត់ទៅ។ លុះគាត់ មកដល់ផ្ទះបន្ទប់បងប្អូន ស្រាប់តែបន្ទប់នោះបានចាក់សោជាប់មិនអាចចូលបាន។ បន្ទាប់មករូបគាត់ក៏បានអង្គុយលេងនៅមុខបន្ទប់រង់ចាំបងប្អូនមកវិញជាកន្លែងកើតហេតុ ស្រាប់តែលេចមុខជនបង្ក ដែលមិនធ្លាប់ស្គាល់ពីមុនមកបានដើរមកខ្ចីម៉ូតូគាត់ជិះ តែគាត់មិនឲ្យបណ្តាលឲ្យជនបង្កខឹងដើរចេញទៅយកដុំឥដ្ឋការ៉ូមកវ៉ៃក្បាលបែកចេញឈាមរងរបួសស្រាល។ដោយឃើញសកម្មភាពបែបនេះគាត់ក៏បានស្រែកឲ្យបងប្អូនរបស់គាត់នៅក្បែរនោះទៅជួយ។
ប្រភពដដែលបានឲ្យដឹងទៀតថាភ្លាមនោះបងប្អូនរបស់គាត់ក៏បានចេញមកហើយយកកាំបិត និងដំបងឈើជ្រុងបម្រុងកាប់ចាក់គ្នាជាមយយជនសង្ស័យ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងសាឡាងចុះជួយអន្តរាគមន៍ ដកហូតកាំបិតនិងឈើជ្រុងទាន់ពេលវេលានិងយកបក្ខពួកជនរងគ្រោះ រួមទាំងជនបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា