ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណជាង ៥០គ្រួសារ សុំឲ្យមន្ត្រីសូរិយោដី និងលោកមេភូមិកំពោតប្រស់ ដែលបានចេញប្លង់យកដី ទួលអ្នកតាកៅ ជាទីកន្លែងគោរពបូជា របស់ប្រជាពលរដ្ឋក្នុងភូមិ ឲ្យទៅពលរដ្ឋមួយគ្រួសារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
តាមអ្នកភូមិកំពោតប្រស់ បានឲ្យដឹងថា ទួលអ្នកតាកៅនេះ មានតាំងពីបរមបុរាណរៀងមក ហើយពួកគាត់ទាំងអស់គ្នា ជារៀងរាល់ឆ្នាំ តែងតែនាំគ្នាធ្វើបុណ្យធ្វើទាន នៅទួលអ្នកតាកៅ ដូចជាធ្វើពិធីឡើងអ្នកតា និងបន់ស្រន់សូមសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រជាពលរដ្ឋ ក្នុងភូមិទៅតាមជំនឿរៀងៗខ្លួន តែក្នុងឆ្នាំ២០១៧នេះ មានឈ្មោះ សំ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ផែង សាវាន បានអះអាងថា ខ្លួនបានធ្វើប្លង់កម្មសិទ្ធលើទួលបុរាណនេះ ជាកម្មសិទ្ធផ្ទាល់ខ្លួនតែម្នាក់ ។
ប្រភពខាងលើបានបន្តទៀតថា ដីទួលអ្នកតាកៅនេះមានទំហំ១៥ម៉ែត្រ គុណនិង៣០ម៉ែត្រ មានសមិទ្ធផលជាច្រើនរួមមានខ្ទមអ្នកតា ក្បាលនាគ អាងទឹក បង្គោលភ្លើង សត្វដំរីធ្វើអំពីថ្មរ។ល។ ដែលចំណាយថវិការអស់ប្រមាណជាង ៣០០០ដុល្លារ ។
ប្រជាពលរដ្ឋបានសំណូមពរ ទៅអាជ្ញាធរខេត្តស្វាយរៀង និងស្ថាប័នតុលាការខេត្តដកហូត ទីទួលបុរាណឈ្មោះអ្នកតាកៅ ទំហំ១៥ម៉ែត្រគុណ និង៣០ម៉ែត្រ ទុកជាសម្បត្តិសាធារណៈ សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យទានក្នុងភូមិ ។
ពាក់ពន្ធ័និងករណីនេះ លោកមេភូមិកំពោតប្រស់ បានឲ្យដឹងតាមទូរស័ព្ទថា រឿងដីទួលអ្នកតាកៅ លោកបានដឹងលឺដែរហើយ កាលដែលមន្ត្រីសុរិយោដី ចុះវាស់វែងជាប្រព័ន្ធ ទុករយៈពេល ១ខែ ដើម្បីតវ៉ាតែដោយពុំមានអ្នកតវ៉ាសុរិយោដី ក៏ចេញប្លង់ឲ្យ ទើបធ្វើឲ្យប្រជាពលរដ្ឋចេញមក ជំទាស់តែម្តងហើយម្ចាស់ដីអ្នកតានេះ ក៏មិនហាមឃាត់ដល់ប្រជាពលរដ្ឋ ធ្វើបុណ្យទានដែរ ដោយក្នុង១ឆ្នាំទើបអនុញ្ញាតឲ្យធ្វើម្តងតែប៉ុណ្ណោះ ហើយលោកក៏ទទួលស្គាល់ថា ដីទីទួលនេះមានតាំងពីបរមបុរាណមក ។
ពាក់ពន្ធ័និងករណីនេះលោក គឹម ពិសិដ្ឋ ប្រធានមន្ទីរនគររូបនីយកម្ម សំណង់ និងសុរិយោ បានឲ្យដឹងថា ចំពោះករណីដីទួលអ្នកតា នៅភូមិកំពោតប្រស់ ឥឡូវនេះសំណុំរឿងធ្លាក់ដល់តុលាការ នេះជាសិទ្ធសម្រេចរបស់តុលាការ បើតុលាការកាត់ឲ្យរក្សាដីនេះ ជាសម្បត្តិសាធារណៈ មន្ទីរជំនាញរបស់លោកនឹងអនុវត្តន៍ ទៅតាមក្តីសម្រេច និយាយឲ្យចំទៅរងចាំតុលាការកាត់ក្តី ព្រោះការចុះវាស់វែងដីធ្លីជាប្រព័ន្ធនេះ យើងត្រូវមានការឯកភាព ពីមូលដ្ឋានផងដែរ ជាពិសេសប្រជាពលរដ្ឋបើមានការជំទាស់ គេមិនវាស់ឲ្យទេតែរឿងដីទួលអ្នកតានេះ ប្រជាពលរដ្ឋមិនបានធ្វើឯកសារ ណាមួយដើម្បីប្តឹងជំទាស់ហើយរយៈពេល មួយខែមិនអ្នកតវ៉ាទើបមន្ទីរចេញប្លង់ឲ្យ ៕ យឹម សុថាន