ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យបង្អែកស្រុកពារាំងរងការរិះគន់ថា មិនយកចិត្តទុកដាក់មើលអ្នកជំងឺបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្រោយមានមនុស្សស្លាប់ មន្ទីរពេទ្យបង្អែកស្រុក​ពារាំងត្រូវត្រូវបានគេរិះគន់ថា គ្រូពេទ្យនៅទីនោះមិនយកចិត្តទុកដាក់មើលអ្នកជំងឺឡើយ ។ ជាក់ស្តែងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មានអ្នកជំងឺម្នាក់បានស្លាប់ដោយសារជំងឺបេះដូង ។

តាមការឲ្យដឹងពីពលរដ្ឋនៅក្បែរនោះបាននិយាយថា ស្ត្រីវ័យ៥២ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំង បន្ទាប់ពីគ្រូពេទ្យព្យាបាលរយៈពេលជាង២ម៉ោងតែមិនសូវយកចិត្តទុកដាក់ ។

ពលរដ្ឋបានលើកឡើងថា ស្ដ្រីរងគ្រោះមុនពេលនាំមកព្យាបាលអាចដើរបាន និងជិះកង់បានធម្មតា។ លុះពេលគ្រូពេទ្យ ព្យាបាលបាន២ម៉ោងស្រាប់តែគាត់ដាច់ ខ្យល់ស្លាប់តែម្តង ។

ស្ដ្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ណាត អាង អាយុ៥២ឆ្នាំ រស់នៅភូមិពាក់ ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្ត ព្រៃវែង ។

លោក សុត ផល អាយុ៥៧ឆ្នាំ ត្រូវជាប្ដី ស្ដ្រីរងគ្រោះបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ប្រពន្ធរបស់ គាត់ដើរ ឬធ្វើការធម្មតា។ លុះដល់យប់ថ្ងៃ ដដែលប្រពន្ធគាត់ ស្រាប់តែតែមានអាការ ក្អួតចង្អោរគាត់ក៏នាំទៅមន្ទីរពេទ្យបង្អែកស្រុកពារាំងនៅម៉ោង២រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ប្តីស្ត្រីរងគ្រោះបានបន្តថា ពេលពួកគាត់ទៅដល់ខាងមន្ទីរពេទ្យមិនមានគ្រូពេទ្យនៅប្រចាំការទេជាហេតុធ្វើឲ្យគាត់ភ័យពីអាការប្រពន្ធផងបាននាំគ្នាដើររកគ្រូពេទ្យពេញមន្ទីរពេទ្យរយៈពេលជិត១ម៉ោងទើប រកឃើញគ្រូពេទ្យម្នាក់នៅខាងក្រោយគាត់ក៏បានទទូចអង្វរឲ្យមកជួយព្យាបាលប្រពន្ធ គាត់។ លោកបានបន្តថា គ្រូពេទ្យម្នាក់នោះ បានឲ្យថ្នាំប្រពន្ធគាត់លេប២គ្រាប់និងបានដាក់សេរ៉ូម ពេលឃើញអាការប្រពន្ធគាត់ រាងធ្ងន់គ្រូពេទ្យម្នាក់នោះបានហៅគាត់ឲ្យផ្ដិតមេដៃធ្វើកិច្ចសន្យាថាបើមានរឿងអ្វីមិនឲ្យប្ដឹងផ្ដល់ទេ។ លុះរយៈពេលជាង២ ម៉ោងក្រោយមកប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់តែម្ដង ។

ពាក់ព័ន្ធករណីគ្រូពេទ្យព្យាបាលមនុស្សបណ្ដាលឲ្យស្លាប់នេះលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានជំរុញឲ្យអ្នកយកព័ត៌មានសួរទៅប្រធាន មន្ទីរពេទ្យបង្អែកទើបគាត់ដឹង ។

លោក ហួត កល្យាណ ប្រធានការិយាល័យប្រតិបត្តិស្រុកពារាំងបានឲ្យដឹងថា ពីមុនមកលោកមិនបានដឹងរឿងមនុស្សស្លាប់ នេះទេ ទើបតែអ្នកកាសែតប្រាប់បានដឹង ហើយចំពោះបុគ្គលិកប្រចាំការមាន២៤ ម៉ោងលើ២៤ម៉ោង ។

លោក អ៊ុ សារិទ្ធ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកពារាំងបានឲ្យដឹងថា ចំពោះក្រុម គ្រួសារស្ដ្រីរងគ្រោះដែលបានដើររកគ្រូ ពេទ្យនោះមកពីពួកគាត់នៅឆ្ងាយមិនយល់ពីអក្សរ ឬស្លាកសញ្ញាដែលគេដាក់ឲ្យ មើល។ លោកបានបន្តថា អ្នកប្រចាំការមាន រហូតប៉ុន្តែគ្នាដេកក្នុងបន្ទប់រៀងៗខ្លួន រីឯ អ្នកដើររកគឺរកមិនចំគោលដៅ ។

លោកបញ្ជាក់ថា ចំពោះករណីស្ដ្រីដែល ស្លាប់នោះមកពីជំងឺបេះដូងធ្ងន់ធ្ងរពេកទើបអុកស៊ីហ្សែនគាត់ទាបបានត្រឹម៦០ទេ ខណៈក្រុមគ្រូពេទ្យបានបញ្ចូលអុកស៊ីហ្សែន ឲ្យគាត់ដែរតែជួយមិនឈ្នះ ហើយគ្រូពេទ្យបានឲ្យគាត់ទៅភ្នំពេញដែរតែគាត់មិនទៅ៕ សហការី


ចែករំលែក៖