សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិអណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះជាង២០គ្រួសារបានឲ្យដឹងថា អាជីវកម្មបូមខ្សាច់របស់ឈ្មួញឈ្មោះ រស់ ចិន្តា នៅចំណុចដីឡូត៍មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះកំពុងធ្វើឲ្យប៉ះ ពាល់ដល់បរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងពេញ បន្ទុក ។
ប្រជាពលរដ្ឋសង្ស័យថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះក៏ដូចជាមន្រ្តីអាជ្ញាធរខេត្តក្រចេះទំនងជាទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ រស់ ចិន្តា ទើប បណ្តោយឲ្យឈ្មួញម្នាក់នេះបូមខ្សាច់ខុសលក្ខណៈបច្ចេកទេសស្រេចតែអំពើចិត្ត ហើយ ប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនខ្សាច់ធ្វើឲ្យខូចផ្លូវជាច្រើនខ្សែក្នុងសង្កាត់ក្រគរ ។
តំណាងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអាជីវកម្មបូមខ្សាច់បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បានប្តឹងទៅអាជ្ញាធរសង្កាត់ក្រគរ និងអាជ្ញាធរក្រុងក្រចេះឲ្យជួយដោះស្រាយបញ្ហាដែលកើតឡើងដោយសារស្នាដៃឈ្មួញឈ្មោះ រស់ ចិន្តា ដែលគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋបានរាយការណ៍ថា សកម្មភាពបូមខ្សាច់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសធ្វើឲ្យមានទឹកហូរកាត់ក្រោមផ្ទះរបស់ពួកគាត់ជាប្រចាំ។ ជាងនេះទៅទៀតនៅពេលមានខ្យល់ខ្លាំងម្តងៗដីខ្សាច់ប៉ើងហុយចូលផ្ទះរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយរថយន្តធុនធំដែលដឹកខ្សាច់ទាំងយប់ទាំងថ្ងៃបានរំខានដល់ការដេកពួនរបស់ពលរដ្ឋ និងធ្វើឲ្យផ្លូវបាក់ស្រុតខូចខាតជាច្រើន កន្លែងរួចទៅហើយ។ ប្រជាពលរដ្ឋបានរិះគន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ក្រចេះមិនដែលទៅពិនិត្យមើលសកម្មភាពបូមខ្សាច់របស់ឈ្មួញឈ្មោះ រស់ ចិន្តា នោះទេបើទោះបីសកម្មភាពបូមខ្សាច់នោះធ្វើឲ្យបាក់ដីច្រាំងទន្លេចូលទឹកជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។
ប្រជាពលរដ្ឋក្នុងសង្កាត់ក្រគរបានរៀបរាប់ទៀតថា អាជីវកម្មបូមខ្សាច់របស់ឈ្មួញឈ្មោះ រស់ ចិន្តា បានប្រព្រឹត្តទៅរាប់ឆ្នាំមកហើយមិនដែលឃើញមន្រ្តីអាជ្ញាធរក៏ដូចជាមន្ទីពាក់ព័ន្ធជួយដោះស្រាយតាមពាក្យបណ្តឹងសូមអន្តរាគមន៍ពីប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នោះទេ ហើយបណ្តោយឲ្យឈ្មួញឈ្មោះ រស់ ចិន្តា ហៅតាឆាខ្វៃ ធ្វើអ្វីៗស្រេចតែអំពើចិត្ត ៕