ខេត្តសៀមរាប៖ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទ តារា នាយការិយាល័យបទល្មើសគ្រឿងញៀននៃទីបញ្ជាាការកងរាជអាវុធហត្ថ ខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងកងរាជអាវុធហត្ថស្រុក ជីក្រែង និងកម្លាំងកងរាជអាវុធហត្ថស្រុក ពួក ចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនខុសច្បាប់ រយៈពេល២ថ្ងៃ នៅទីតាំងផ្សេងគ្នា ក្នុង ខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី៣៣នាក់ កាលពីថ្ងៃ ទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ ។
លោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មាន តាមមូលដ្ឋាន លោកបានដឹកនាំកម្លាំងចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនធ្វើ ឡើងរយៈពេល២ថ្ងៃ នៅទីតាំងផ្សេងគ្នា ក្នុងខេត្តសៀមរាប រហូតឈានដល់ឃាត់ ខ្លួនជនសង្ស័យប្រុស-ស្រី៣៣នាក់ នាំយកមកសួរនាំនៅការិយាល័យជំនាញនៃទី បញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀប ចំសំណុំរឿងបញ្ជូនទៅតុលាការមួយចំនួន និងមួយចំនួនទៀតបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន។
លោកបានបញ្ជាក់ថា បន្ទាប់ពីកម្លាំង ជំនាញបានឃាត់ខ្លួន ក្នុងនោះបានដកថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកកចំនួន៣៥កញ្ចប់ ទម្ងន់ ៩៧,៨៧ ក្រាម, ទូរស័ព្ទដៃ១៩គ្រឿង និងឧបករណ៍ សម្រាប់ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយ ចំនួនធំផងដែរ។
បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង ៣៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់និងជនសង្ស័យប្រើប្រាស់មួយចំនួន បញ្ជូនទៅមណ្ឌល បន្សាបជាតិញៀន៕ ប៊ុន រិទ្ធី