ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានបងស្រី និងម្ដាយអះអាងបានយកកៅអីជ័រដាក់ជាន់ឡើងចងព្យួរកធ្នឹមផ្ទះ លើផ្ទះធ្វើអត្តឃាត ខណៈមានជំងឺច្រើន និងផឹកស្រាជាប្រចាំរហូតស្ទើរឡប់សតិ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះ ស្ថិតក្នុងភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាសាកសពឈ្មោះ ស្វាយ សត ភេទប្រុស អាយុ ៣៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ ក្នុងបន្ទុកគ្រួសារបងស្រី និងម្ដាយ។
ប្រភពខាងលើបន្តថា ជនរងគ្រោះនៅកំលោះ ហើយគាត់ធ្លាប់ទៅធ្វើការរកទទួលទាននៅខេត្តរតៈគីរី លុះត្រឡប់មកវិញ គាត់មានជំងឺច្រើន ហើយចាប់ផ្ដើមផឹកស៊ីជាហូរហែនិយាយអប់រំយ៉ាងណាក៏មិនស្ដាប់ រហូតស្ទើរឡប់សតិបងប្អូនលែងនិយាយ ស្រាប់តែនៅម៉ោងខាងលើម្ដាយ និងបងស្រីជាប់រវល់កិច្ចការងារផ្ទះនៅវផ្នែកខាងក្រោមផ្ទះ ឮស្នូរសំឡេងប្រាវទើបឡើងទៅមើលឃើញដួលរំលំកៅអី ដែលគេដាក់ឡើងចងព្យួរកទៅនឹងធ្នឹម លើផ្ទះដោយខ្សែនីឡុង ក៏ស្រែកឆោឡោឡើង និងកាត់ខ្សែចំណងទំលាក់ចុះដើម្បីសង្រ្គោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗនោះដែរ។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុគេឃើញកម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ សហការគ្នា ចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែងផងដែរជុំវិញករណីខាងលើ ដើម្បីវាសវាងបញ្ហាផ្សេងៗកើតឡើងជាយថាហេតុ៕ ប៉ឹម ពិន