ភ្នំពេញៈ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ អតីតនិស្សិតនីតិសាស្រ្តជំនាន់ទី៦ (ឆ្នាំសិក្សា១៩៩៧-២០០១) នៃមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំពិធីជួបជុំពិសាអាហារសាមគ្គី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ នៅក្នុងពិធីនេះ ក្រៅពីវត្តមានអតីតនិស្សិតចំនួនប្រមាណ១០០នាក់ ក្នុងចំណោមអតីតនិស្សិតរួមជំនាន់ ១២០នាក់ចូលរួម ក៏មានវត្តមានភ្ញៀវកិត្តិយសជាច្រើននាក់ ដែលជាសាស្រ្តាចារ្យធ្លាប់បង្រៀននិស្សិតទាំងនោះ អញ្ជើញចូលរួមផងដែរ។
ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនោះ លោក ផាន់ វណ្ណរ័ត្ន អតីតប្រធានជំនាន់និស្សិតនីតិសាស្រ្តជំនាន់ទី៦ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌ បានលើកឡើងថា៖ ពិធីជួបជុំលើកនេះមិនមែនជាការជួបជុំលើកទី១សម្រាប់ពួកយើងទេ តែជាការជួបជុំលើកទី៥ហើយ បន្ទាប់ពីពួកយើងបញ្ចប់ការសិក្សានាឆ្នាំ២០០១មក។ លោកបានបញ្ជាក់ថា កម្មវិធីជួបជុំដូចគ្នានេះ តែងត្រូវបានប្រារព្ធធ្វើឡើងក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំជាប្រចាំ បន្ទាប់ពីការជួបជុំលើកទី១មក។
លោកបានគូសបញ្ជាក់ថា៖ ការរៀបចំការជួបជុំថ្ងៃនេះ មានគោលបំណងធំៗ២ គឺ៖ ១) ដើម្បីរឹតចំណងមិត្តភាពរវាងអតីតនិស្សិតទាំងអស់ ២) ដើម្បីរំលឹកដឹងគុណអតីតសាស្រ្តាចារ្យទាំងអស់ដែលធ្លាប់បានផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗនាអំឡុងពួកយើងជានិស្សិត។
លោកបានរំលេចថា៖ ពិធីជួបជុំលើកនេះ មានលក្ខណៈពិសេស និងមានអត្ថន័យកាន់តែជ្រាលជ្រៅជាងលើកមុនៗ ដោយសារថ្ងៃនេះ ពួកយើងមានកិត្តិយសទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសាស្រ្តាចារ្យរបស់ពួកយើងកាលពីពេលនោះផងដែរ។ វត្តមានរបស់ឯកឧត្តម និងលោកជំទាវទាំងនោះ បានញ៉ាំងទឹកចិត្តរបស់ពួកយើង ឲ្យកាន់តែមានភាពរំភើបរីករាយមួយកម្រិតទៀត។ ម្យ៉ាងទៀត វត្តមានរបស់ពួកគាត់ បានបង្ហាញពីទឹកចិត្ត និងមនោសញ្ចេតនាផ្សារភ្ជាប់គ្នារវាងគ្រូនិងសិស្សគ្រប់ពេលវេលា។ លើសពីនេះទៀត ការបង្ហាញវត្តមានរបស់ពួកគាត់នាពេលនេះ ក៏ជាការផ្តល់ឳកាសដល់ពួកយើងដើម្បីបានសម្តែងមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណដល់ពួកគាត់ផងដែរ។
លោក បានរំលឹកឡើងវិញថា៖ ក្រោយពេលបញ្ចប់ការសិក្សា ពួកយើងម្នាក់ៗ បានបែកគ្នារៀងៗខ្លួន ដោយមួយចំនួនបានបន្តការសិក្សានៅបរទេស ខ្លះបន្តការសិក្សានៅក្នុងស្រុក និងខ្លះទៅបម្រើការងារនៅតាមបណ្តាអង្គភាពផ្សេងៗ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ លោកបានវាយតម្លៃជាវិជ្ជមានថា រហូតមកដល់ពេលនេះ ពួកយើងទទួលបានជោគជ័យក្នុងជីវិតការសិក្សា និងជីវិតការងារ ដោយពួកយើងទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត អនុបណ្ឌិត ទាំងក្នុងស្រុក និងបរទេស ស្ទើរគ្រប់គ្នា និងមានការងារគ្រប់ៗគ្នាទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ពាក់ព័ន្ធនឹងគោលបំណងនៃការជួបជុំគ្នារបស់អតីតនិស្សិត លោកអតីតប្រធានជំនាន់ បានវាយតម្លៃខ្ពស់ចំពោះការជួបជុំនេះ ដោយលោកគូសបញ្ជាក់ថា ការជួបជុំគ្នានេះ បានបង្កលក្ខណៈឲ្យអតីតនិស្សិតទាំងអស់ បានដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីមានលទ្ធភាពក្នុងការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារៈ។ ពេលនេះ លើសពីការជួបជុំគ្នារវាងនិស្សិត គឺនិស្សិតក៏មានឳកាសជួបជុំជាមួយអតីតសាស្រ្តាចារ្យរបស់ពួកគេ ដើម្បីរំលឹកពីអនុស្សាវរីយ៍ ក៏ដូចជាដើម្បីថ្លែងអំណរគុណដែលពួកគាត់បានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ដល់និស្សិត ហើយក៏ជាឳកាសដើម្បីសុំខមាទោសចំពោះពួកគាត់វិញ ចំពោះកំហុសដោយអចេតនា ឬចេតនាទាំងឡាយ ដែលបានកើតឡើងចំពោះលោកសាស្រ្តាចារ្យទាំងនោះក្នុងពេលសិក្សា។
ជាមួយគ្នានេះ ពុទ្ធិ និងបទពិសោធន៍ ដែលសាស្រ្តាចារ្យទាំងអស់បានផ្តល់ដល់ពួកយើងទាំងអម្បាលម៉ាន បានជួយពួកយើងក្នុងការស្វែងរកការងារ និងបំពេញការងារនៅក្នុងសង្គម។ បទពិសោធន៍ទាំងនោះ មានតម្លៃជាអមតៈ ដោយបទពិសោធន៍ដែលយើងទទួលបាន កាលណោះ អាចយកទៅអនុវត្តនៅគ្រប់កាលៈទេសៈ និងគ្រប់សម័យកាលពោលគឺរហូតមកដល់បច្ចុប្បន្ននេះ។
ដោយសារតម្លៃនៃការជួបជុំនេះ លោកអតីតប្រធានជំនាន់ បានសន្យាថា នឹងបង្កលក្ខណៈ និងរៀបចំឲ្យមានជំនួបជុំនេះ ឲ្យបានរៀងរាល់ឆ្នាំឲ្យបានទៀងទាត់ជាប្រចាំ។
នៅក្នុងពិធីនោះដែរឯកឧត្តម ហ៊ី សោភា អតីតសាស្រ្តាចារ្យ និងជាតំណាងអតីតសាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងនូវការកោតសរសើរចំពោះអតីតនិស្សិតនីតិសាស្រ្តជំនាន់ទី៦ ដែលមានគំនិតស្រុះស្រួលគ្នា រៀបចំពិធីជួបជុំបានជាប្រចាំ និងមានសមាជិកចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តម បានបញ្ជាក់ថាជាការកម្រណាស់ ក្នុងការប្រមូលផ្តុំអតីតនិស្សិតដែលបានបែកគ្នាយ៉ាងយូរឲ្យចូលរួមបានច្រើនយ៉ាងកុះករបែបនេះ។ នេះជា ភស្តុតាង ដែលអាចបង្ហាញថាអតីតនិស្សិតម្នាក់ៗមានគំនិតយោបល់រួម និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ពុំមានការរើសអើង ពោលគឺឲ្យតម្លៃលើការរាប់អានជាធំ។ លើសពីនេះទៀត ឯកឧត្តមបានសម្តែងនូវសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដោយលើកឡើងថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយជាអនេក ចំពោះសេចក្តីនឹករលឹករបស់អតីតនិស្សិតមកដល់អតីតសាស្រ្តាចារ្យគ្រប់រូប ដោយបានសម្តែងឡើងតាមរយៈការអញ្ជើញពួកគាត់មកចូលរួមជាភ្ញៀវកិត្តិយសនាពេលនេះ។ មុននឹងបញ្ចប់មតិសំណេះសំណាលនាពេលនោះ ឯកឧត្តមបានផ្តាំផ្ញើដល់អតីតនិស្សិតទាំងអស់ ឲ្យរក្សាចំណងមិត្តភាពរវាងនិស្សិត និង សេចក្តីកតញូ និងការនឹករលឹករបស់និស្សិតចំពោះសាស្រ្តាចារ្យឲ្យមានអត្ថិភាពជាចីរកាល ព្រមទាំងលើកទឹកចិត្តឲ្យអតីតនិស្សិតរៀបចំពិធីនេះឲ្យបានរៀងរាល់ឆ្នាំនាឆ្នាំខាងមុខទៀត។
បន្ទាប់ពីកិច្ចសំណេះសំណាលរបស់តំណាងអតីតនិស្សិត និងអតីព្រឹទ្ធបុរសរួចមក ក៏មានការជូនវត្ថុអនុស្សាវរីយ៍ដល់អតីតសាស្រ្តាចារ្យ ដើម្បីជានិមិត្តរូបដល់ការរំលឹក និងតបគុណដល់សាស្រ្តាចារ្យផងដែរ។
ពិធីនេះ បានដំណើរការទៅដោយរលូន ក្រោមបរិយាកាសរីរាយ និងស្និទ្ធស្នាលបំផុត។
សូមបញ្ជាក់ថា អតីតនិស្សិតច្បាប់ជំនាន់ទី៦នៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឆ្លងកាត់នៃការខិតខំសិក្សាក្រេបចំណេះវិជ្ជាមកដល់បច្ចុប្បន្ននេះនិស្សិតភាគច្រើនបានទទួលនូវការជោគជ័យក្នុងជីវិតនិងអនាគត និស្សិតខ្លះបានបំរើការងារតួនាទីក្នុងជួររដ្ឋាភិបាល រដ្ឋសភា សមាជិកនៃអង្គចៅក្រម ជាចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងមានតួនាទីសំខាន់មួយចំនួនទៀតក្នុងស្ថានប័ណ្ណរដ្ឋ និងឯកជនផងដែរ៕ ថាច់ យ៉ាត