ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ រាយការណ៍មកថា ក្នុងខែមិថុនា ឆ្នាំ២០១៧ គេសង្កេតឃើញបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើ ប្រភេទប្រណីត កើតមានយ៉ាងសម្បើម គ្រាន់តែប្តូររូបភាពខ្លះៗប៉ុណ្ណោះ ករណីនេះត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនឹងមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋព្រៃឈើ ព្រោះគេឃើញដាក់ពង្រាយតាមមាត់ព្រៃ និងតាមដងផ្លូវនានា បណ្ដាក់គ្នាដូចខ្យង។
ប្រភពព័ត៌មានខាងលើបន្តថា នៅតាមចំណុចនិមួយៗ ដូចជាផ្លូវភូមិក្សេត្របុរី ឃុំសន្រ្ទែ ផ្លូវភូមិវាលវង់ ឃុំរកាត និងផ្លូវភូមិរវាង ស្រុកភ្នំក្រវាញ ត្រពងពង្ស អូរដេកា តក់ឡក់ ភ្នំចិនយំ តាំងយ៉ ពិសេសតាមផ្លូវជាតិលេខ ៥៥។ល។ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានដដែលបន្តទៀតថា នៅតាមចំណុចគោលដៅដូចបានរាបរបខាងលើ គេសង្កេតឃើញមន្រ្តីបរិស្ថានដាក់ពង្រាយស្នាក់ការ និងកុងត្រូលជជុសនៅតាមព្រៃនានាបណ្ដាក់គ្នាចល័តដូចខ្យង ចំណែកនៅតាមដងផ្លូវមិនថាផ្លូវរទេះ ឬផ្លូវលំក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូ ឬផ្លូវជាតិនោះទេ តែអ្វីដែលសំខាន់នោះគឺអង្គុយចាំតែទទួលប្រយោជន៍ស្របគ្នាប៉ុណ្ណោះ។
ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃគេឃើញការដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណីត បានប្តូររូបភាពខ្លះៗ ដូចជាម៉ូតូ ឬម៉ូតូសណ្ដោងរ៉ឺម៉ក ដើម្បីយកទៅស្តុបតាមទីប្រជុំជននៅតាមឃុំឬស្រុកនាៗ ដែលមេការឬឈ្មួញចាំប្រមូលទិញនៅទីនោះ ដើម្បីលើកឡើងដាក់រថយន្តដឹកបន្តទៅគោលដៅ ហើយឈើប្រភេទប្រណីតធ្នង់ ដែលក្រុមឈ្មួញបំផុសបំផុលឲ្យកាប់ អារ ច្រៀក និងដឹកជញ្ជូនរាល់ថ្ងៃនេះ វាមានតម្លៃខ្លាំងណាស់គេយកខ្នាតមុខកាត់ចាប់ពី ១តឹកជុំឡើងទៅ និងប្រវែងចាប់ពី ៤តឹកឡើងទៅ តម្លៃក្នុង ១គីឡូក្រាមចំនួន ១.៥០០រៀល នៅតាមផ្លូវតូចៗ តាមមាត់ព្រៃ លុះទៅដល់ទីប្រជុំជន ឃុំ ឬស្រុកនានា ដែលក្រុមឈ្មួញកណ្ដាលចាំប្រមូលទិញចំនួន ២.៥០០រៀល ហើយដឹកយកទៅដល់គោលដៅ ឮថាចំនួន ៤.០០០រៀលទៅ ៥.៥.០០០រៀល ដោយសារកំពុងមានតំលៃបែបនេះហើយ ទើបឈ្មួញកណ្ដាលបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលព្រៃ ដើម្បីកាប់ប្រមូលទាំងឬសទាំងដើម និងទាំងមែកគ្មានសល់៕ បឹុម ពិន