ព័ត៌មានទាន់ហេតុការណ៍៖

លោក តាអាចារ្យ បើករថយន្តចេញពីវត្តគេចរថយន្តដឹកកម្មកររោងចក្រ រេចង្កូតធ្លាក់ផ្លូវក្រឡាប់បោកនិងបង្គោលភ្លើងរបួសស្រាល

ចែករំលែក៖

ភ្នំពេញៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើង នាវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយសារតាអាចារ្យវត្តអង្គនិស្ស័យបើករថយន្ត១គ្រឿង លឿនដូចហោះគេច និងរថយន្តដឹកកម្មកររោងចក្រដែលកំពុងបើកបញ្ច្រាស់ទិសដៅគ្នា រេចង្កូតធ្លាក់ផ្លូវក្រឡាប់បោកទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែលោកតាអាចារ្យរងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ លោកតាឈ្មោះវុន ចក់ អាយុ៦២ឆ្នាំ មានមុខរបរអាចារ្យ វត្តអង្គនិស្ស័យ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រងរបួសស្រាលបានបើករថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-1309ម្នាក់ឯងចេញពីវត្តគោលបំណងទៅផ្ទះតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ។ ខណៈបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកដឹកកម្មករកម្មការិនីពេញ ធ្វើឲ្យលោកតាអាចារ្យខំបួងចង្កូតជៀសមកខាងស្តាំដៃហើយពេលបើកជៀសរថយន្តដឹកកម្មករកម្មការិនីផុតបានបន្តិច ក៏បួងចង្កូតមកខាងឆ្វេងដៃវិញរួចជាន់ហ្គារបង្ខំ ធ្វើឲ្យគាត់ស្លន់ស្លោ ក៏រេចង្កូតធ្លាក់ចិញ្ចើមផ្នែកខាងឆ្វេងដៃ ក្រឡាប់បោកទៅលើបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អលោកតាអាចារ្យ បានត្រឹមរងរបួសស្រាលខំវារចេញពីរថយន្តទាំងព្រលឹងនៅចុងសក់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូរដ្ឋានបានចុះទៅពិនិត្យនៅកន្លែង ក៏ប៉ុន្តែដោយសារតែរថយន្តខាងលើមិនបង្កហេតុប៉ះពាល់ដល់អ្នកធ្វើ ដំណើរនៅតាមដងផ្លូវសាធាណៈក្រុមគ្រួសារលោកតាអាចារ្យបានទូស័ព្ទហៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅ ជួសជុលប្រើប្រាស់ឡើងវិញ៕ ប្រាថ្នា


ចែករំលែក៖