ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ 《 អុីនធើណាស្យូណាល់ ហ្វេសិន រ៉ូយ៉ាល់ ខូអិលធីឌី》 ចំនួន១១៨០នាក់បានប្រមូលផ្ដុំគ្នា ធ្វើកូដកម្មតវ៉ាប្រឆាំងនិងថៅកែរោងចក្រខាងលើ ដែលបានដកតំណាងពួកគេម្នាក់ចេញពីការងារ និងចោទប្រកាន់ថាបុរសនោះមានកំហុសជាច្រើន រហូតមិនអាចលើកលែងឲ្យបាន ប៉ុន្តែផ្ទុយទៅវិញក្រុមកម្មករ បានអះអាងថាវាជារឿងអយុត្តិធម៌មួយ ដែលនៅសុខៗថៅកែដកមនុស្សម្នាក់ ដែលគ្មានកំហុសនិងមូលហេតុបែបនេះ។
កម្មករកម្មការិនីទាំងនោះបានផ្ទុះការតវ៉ាឡើង កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រកកាត់ដេរ យីហោ《 អុីនធើណាស្យូណាល់ ហ្វេសិន រ៉ូយ៉ាល់ ខូអិលធីឌី》ដែលមាន ទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
កម្មករបានឲ្យដឹងថា ពួកគេប្រមូលផ្ដុំគ្នាធ្វើកូដកម្មនេះ គឺផ្ដើមចេញពីថៅកែរោងចក្រ ដកបុរសម្នាក់ឈ្មោះ ប៊ូ ថេត ដែលជាប្រធានសហព័ន្ធសហជីពកម្មករ និងជាតំណាងកម្មករ ព្រមទាំងជាជាងភ្លើងផង ត្រូវបានថៅកែ ដកចេញពីរោងចក្រ កាលពីថ្ងៃទី២១ ខែមិថុនា ដោយបានចោទប្រកាន់ថា តំណាងរូបនោះមានកំហុសជា ច្រើន។ការចោទប្រកាន់នោះធ្វើឡើងទាំងបំពាន ពីសំណាក់ថៅកែរោងចក្រ ហើយដោយមើលឃើញពីភាព អយុត្តិធម៌បែបនេះហើយ ទើបពួកគេដែលជាកម្មករទាំងអស់គ្នា មិនអាចនៅស្ងៀមតទៅទៀតបាន ក៏បាននាំ គ្នាបះបោរធ្វើកូដកម្មតវ៉ាឡើងតែម្ដង។
ប្រភពដដែលបានបន្តថា ពួកគេតវ៉ាដើម្បីទាមទារនូវលក្ខខណ្ឌការងារ២ចំណុច គឺទី១,ស្នើរសុំឲ្យលោកថៅកែ ទទួលយក ឈ្មោះ ប៊ូ ថេត ដែលជាប្រធានសហព័ន្ធសហជីពកម្មករ និងជាតំណាងកម្មករ ព្រមទាំងជាជាង ភ្លើង ចូលធ្វើការវិញជាបន្ទាន់ ព្រោះគាត់គឺជាមនុស្សម្នាក់ ដែលការពារផលប្រយោជន៏របស់កម្មករទាំងអស់ គ្នា និងទី២,សុំឲ្យលោកថៅកែជួយកែប្រឥរិយាបទ អ្នកគ្រប់គ្រងឲ្យបានសមរម្យបន្តិចផង ហើយន្រសិនបើ គ្មានដំណោះស្រាយទេ គឺគ្មានថ្ងៃដែលបញ្ចប់ការធ្វើកូដកម្មនេះឡើយ៕ សុខាសែនជ័យ