ប៉ោយប៉ែត៖ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីធ្វើដំណើរកំសាន្តនៅរមណីយដ្ឋានផ្សេង មានការធ្លាក់ចុះ៨០ភាគរយនៅរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ។
នគរបាលទេសចរណ៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតប្រាប់ថា នៅតាមបណ្ដាក្រុមហ៊ុនដឹកភ្ងៀវទេចរណ៍មួយចំនួន ក៏មានការថយចុះដែរ ធ្លាប់តែមួយថ្ងៃៗរថយន្តដឹកភ្ងៀវទេសចរណ៍គ្រប់ជាតិសាសន៍ មានការកើនឡើង។ ពីព្រោះការថយចុះចំពោះភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍នោះ បណ្ដាលមកពីកត្តាអាកាសធាតុប្រែប្រួល និងមកពីប្រទេសថៃ ដែលនៅជាប់ព្រំដែនកម្ពុជាមានការរិតបន្តឹងសន្តិសុខផ្ទៃក្នុង ព្រោះកន្លងមកប្រទេសថៃបានជួបនៅផ្ទុះគ្រាប់បែកកណ្ដាលទីក្រុង។
នគរបាលទេសចរណ៍បញ្ជាក់ថា ភ្ញៀវអឺរ៉ុបចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ក្នុង១ថ្ងៃចំនួនពី៥០០ទៅ៧០០នាក់ តែរយៈពេលបីខែ២០១៧កន្លងមកនេះ ភ្ញៀវទេសចរណ៍ចូលមកក្នុងមួយថ្ងៃ៥០ទៅ១០០នាក់ ចំណែកភ្ញៀវទេសចរណ៍ជនជាតិចិន កន្លងមកក្នុងមួយថ្ងៃ២០០នាក់ទៅ៥០០នាក់ តែមកពេលនេះ១ថ្ងៃ២០នាក់ទៅ៥០នាក់ ។ ចំពោះភ្ញៀវទេសចរណ៍ជនជាតិថៃវិញ ចូលមកកម្ពុជាកន្លងមកក្នុង១ថ្ងៃចាប់ពី១០០នាក់ ទៅ៣០០នាក់ តែពេលនេះក្នុង១ថ្ងៃមានចំនួន៣០នាក់ទៅ១០០នាក់ ដោយឡែកភ្ញៀវទេសចរណ៍អាស៊ាន កាលពីរយៈពេលកន្លទៅ ចូលមកកម្ពុជាក្នុង១ថ្ងៃពីចំនួន២០០នាក់ទៅ៣០០នាក់ តែពេលនេះក្នុង១ថ្ងៃមានចំនួន៣០ទៅ៧០នាក់តែប៉ុណ្ណោះ។
នគរបាលទេសចរណ៍រួបនោះបញ្ជាក់ថា ចំពោះភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ចូលមកកម្ពុជាកន្លងមក ក្នុង១ថ្ងៃចាប់ពី២០០០នាក់ទៅ៥០០០នាក់ លុះមកពេលនេះ ភ្ញៀវទាំងនោះមកកម្ពុជាបានត្រឹម១ថ្ងៃពី១៥០នាក់ទៅ៤០០នាក់តែប៉ុណ្ណោះ បើគិតជាភាគរយរយៈពេល១ត្រីមាសដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតមានការធ្លាក់ចុះ៨០ភាគរយ។
លោកឈឿន សេរីវុធ អនុប្រធាន់ទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់តាមទូរសព្ទ័ថា ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត មានការកើនឡើងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ បើប្រៀបធៀបទៅនិង៣ខែដើមឆ្នាំ២០១៦កន្លងទៅ មានចំនួន៣៣.២១ភាគរយ ស្មើនឹង១៤៧០៨៧នាក់ ក្នុងនោះភ្ញៀវដែលចូលមកកម្ពុជាលេខ០១ ជាជនជាតិថៃ លេខ០២ ភ្ញៀវទេសចរណ៍ រ៉ុស្សី និងទី០៣ជនជាតិអង់គ្លេស ហើយភ្ញៀវទាំងនោះ ឆ្លងកាត់តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទីក្រុងភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ៦ ឆ្ពោះតៅខេត្តសៀមរាប ដើម្បីចូលទស្សនាប្រាង្គប្រសាទអង្គរវត្ត៕ វណ្ណា