ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសត្វព្រៃឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវអាវុធហត្ថដេញចាប់បាននៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកសត្វព្រៃមួយគ្រឿង ដែលបម្រុងដឹកឆ្ពោះទៅភ្នំពេញ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ ស្ទាក់ចាប់បានកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកសត្វព្រៃមួយគ្រឿងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ២H-២១៩១ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរាជធានីភ្នំពេញ នៅពេលមកដល់ចំណុចខាងលើ សមត្ថកិច្ចបានហៅរថយន្តឃាត់ដើម្បីសាកសួរ ប៉ុន្តែត្រូវបានម្ចាស់រថយន្តបានបន្ថែមល្បឿនទៅមុខ ដោយមានការសង្ស័យត្រូវបានសមត្ថកិច្ចនៅទីនោះប្រដេញតាម ពេលដែលឃើញសមត្ថកិច្ចប្រដេញ អ្នកបើកបរថយន្ត ដឹកសត្វព្រៃ ទុករថយន្តចោលរួចចុះគេចខ្លួនតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលចាប់រថយន្តបានសមត្ថកិច្ចយកមកឆែកឆេរ និងបានរកឃើញ មានពស់សង់សឿចំនួន១៤៣គីឡូក្រាម ពស់ថ្លាន់ចំនួន៦៩គីឡូក្រាម និងអណ្តើកចំនួន១១១គីឡូក្រាម ។

ក្រោយពីបានពិនិត្យមើលរួចរាល់ សមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រគល់វត្ថុតាងជូនទៅខាងអភិរក្សសត្វព្រៃដើម្បីរក្សាទុក និងបន្តតាមនីតិវិធី៕ ចន្ថា


ចែករំលែក៖