ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ ប្រុស ស្រី៣នាក់បានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូទិសដៅស្របគ្នាបើកបរក្នុងល្បឿនលឿនបុកពេញទំហឹងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នាទី លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅពាក់ ស្លាកលេខ ស្វាយរៀង 1J.5957 បើកបរ ដោយបុរសឈ្មោះ ខៃ សុកជឿន អាយុ៤៥ឆ្នាំ រស់ នៅភូមិប្រសូត ឃុំប្រសូត ស្រុកស្វាយទាប ដោយធ្វើដំណើរទិសដៅពីកើតទៅលិច មិនពាក់មួកសុវត្ថិភាពក្នុងល្បឿនលឿន ហើយស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1F.0៩០៣ បើកបរ ឈ្មោះគង់ ហុង អាយុ៤០ឆ្នាំ ភេទស្រី (មុខរបរលក់ដូរ ) រស់នៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ហៀក ដាលី ភេទប្រុស អាយុ១៣ឆ្នាំ ពេញទំហឹងបណ្ដាលឲ្យខ្ទាតដួលរណូករណែលតែម្ដង។

ក្រោយកើតហេតុ អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចនគរបាលបានដឹកជនរងគ្រោះទាំងសងខាង ទៅកាន់មន្ទីរពេទ្យព្រមទាំងវាស់វែង និងអូសវត្ថុតាងម៉ូតូទាំង២គ្រឿងអូសមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្ត ស្វាយរៀងចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូហុងដាសេ១២៥ ជិះម្នាក់ឯងបប្រើប្រាស់ ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ទើបជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕ យឹម សុថាន


ចែករំលែក៖