ខេត្តកំពង់ចាម: យុវជនម្នាក់មកលោតទឹកពីលើស្ពានគីហ្សូណាប៉ងសម្លាប់ខ្លួន បង្កឲ្យមានភាពភ្ញាក់ផ្អើលអស់មនុស្សម្នាមកចោមរោមមើល តែការប៉ងប្រាថ្នារបស់យុវជនរូបនេះ មិនបានសម្រេចនោះទេ ដោយសារគេចេះហែលទឹក និងបានហែលឡើងគោកវិញ។ អ្វីដែលចម្លែកនោះគឺរូបគេបានមកលោតទឹកពីលើស្ពានគីហ្សូណានេះ២ដងមកហើយ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅលើស្ពានគីហ្សូណាក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក សឹង្គ ចាន់អូន អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា យុវជនខាងលើ ឈ្មោះហុង ដារ៉ូ អាយុ២២ឆ្នាំ រស់នៅភូមិចុងថ្នល់ទី១ សង្កាត់_ក្រុង_ខេត្តកំពង់ចាម។
លោកបន្តថា មូលហេតុដែលនាំឲ្យគេមកលោតទឹក គឺដោយសារលើកមុនខឹងម្តាយមិនដណ្តឹងប្រពន្ធឲ្យ លើកនេះ ខឹងសុំលុយម្តាយ២០០$មកជួលផ្ទះនៅខាងក្រៅម្តាយមិនឲ្យ។ ចំណែកប្រភពពីអ្នកដឹងរឿងថា យុវជននេះកើតជំងឺសរសៃប្រសាទ តែត្រូវម្តាយគេបដិសេធថា មិនមានជំងឺនេះ ព្រោះគ្រូពេទ្យពិនិត្យមើលរួចហើយ។
លោកអធិការបានបន្ថែមថា ក្រោយកើតហេតុជននេះ ត្រូវបានកម្លាំងនគរបាលហៅមកសួរនាំធ្វើកំណត់ហេតុ ហើយប្រគល់ជូនទៅក្រុមគ្រួសារយកទៅផ្ទះវិញ។
លោកបន្តទៀតថា អ្វីដែលចម្លែកដដែលៗនោះ ជននេះពេលទៅដល់ផ្ទះបានរត់ឡើងលើដំបូលផ្ទះប៉ងលោតសម្លាប់ខ្លួនទៀត តែត្រូវបានក្រុមគ្រួសារឃាត់ និងលួងលោមកាលពីវេលាម៉ោងជិត៣រសៀលនេះ ដោយមិនមានបញ្ហានោះទេ៕ វណ្ណៈ