ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើតាមម៉ូតូ តែទុកឲ្យឈ្មួញធំៗដឹកតាមរថយន្តយ៉ាងរលូនទៅវៀតណាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើតាមម៉ូតូ បែរជាបណ្តោយ ឲ្យឈ្មួញធំៗ រកស៊ីដឹកតាមរថយន្តសាំយ៉ុង ដឹកចេញទៅតាមបណ្តាខេត្តនានា និងប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃយ៉ាងរលូនទៅវិញ ។

ប៉ុន្មានថ្ងៃនេះ គេសង្គេតជើញរថយន្តរបស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត និងសង្កាត់ដុង ក្រឡ សហការជាមួយនគបាលប៉ុស្តិ៍សង្កាត់សាមគ្គីចុះបង្ក្រាប ឈ្មួញរកស៊ីដឹកជញ្ជូនឈើ ដូចសត្វកណ្តៀ ដឹកតាមម៉ូតូ នៅចំណុចភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។

ប្រភពពីប្រជាពលរដ្ឋបានលួចប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ និងយប់គេសង្កេតឃើញឈ្មួញជាច្រើនទាំងតូច ទាំងធំ កំពុងប្រមូលផ្តុំគ្នាសម្រុកដឹកជញ្ជូនឈើគ្រប់ប្រភេទ ទៅលក់តាមមណ្តាខេត្តនានាតាមរថយន្តធំតូច បង្កប់ និងសំញ៉ែងដាក់សមត្ថកិច្ចទៀតផង។

ប្រភពដដែលបានបន្តទៀតថា សូមឲ្សមត្ថកិច្ចកំបង្ក្រាបតែម៉ូតូដឹកឈើ ចំណែករថយន្តដឹកឈើគ្រប់ប្រភេទ មេត្តាបើក ព្រះនេត្រមើលផង កុំឲ្យឈ្មួញធ្វើសកម្មភាពដឹកឈើយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង និងច្រកទ្វារអន្តរជាតិ វ៉ាលឺ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នងស្រុកបកែវ ខេត្តរតនគីរី ទាំងយប់ទាំងថ្ងៃ។

ដោយមានឈ្មួញធំៗចាំទទួលទិញនៅទីនោះ ដោយគ្មានអ្នកបង្ក្រាប មានតែសមត្ថកិច្ចច្រកទ្វារនៅទីនោះអង្គុយចាំយកតែលុយ បើកដៃឲ្យឈ្មួញទៅលក់យ៉ាងរលូន ដែលលំហូរចេញពីទឹកដីខេត្តស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង និងស្រុកថាបរីវ៉ាត់ ដោយមិនគិត ពីផលប៉ះពាល់ដល់ផលអនុផលព្រៃឈើ ដែលជាសម្បត្តិរបស់រដ្ឋ ហើយមន្ត្រីសមត្ថកិច្ចជំនាញមួយចំនួនបានឃុបឃិតគ្នាជាមួយឈ្មួញ គឃ្លើននឹងអនុសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រី កម្ពុជាទៀតផង ។

ជុំវិញរឿងនេះ លោកអន សុជាតិ រដ្ឋបាលព្រៃឈើខេត្ត បានឲ្យដឹងថា ក្នុងការបង្ក្រាបម៉ូតូដឹកឈើនេះ គឺគោលបំណងមិនឲ្យមានដឹកបន្តទៀត ព្រោះមើលទៅហាក់បីដូចជាប្រសេចប្រសាចអនាធិបតេយ្យពេក ចំណែករថយន្តដឹកឈើនោះ ក៏បង្ក្រាបដែរ ឲ្យតែឃើញ ឲ្យតែបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ លោកនឹងបង្ក្រាបទាំងអស់ មិនថា សសរគ្រឿងផ្ទះនោះទេ ដូចឈើជន្លង់ម្រេចជាដើម ឲ្យតែដឹកជញ្ជូនគ្មានការអនុញ្ញាត ជាពិសេសឈ្មញទាំងនោះហាក់បីដូចដឹងមុនពេលដែល ក្រុមការងារចុះបង្ក្រាប ត្រូវបានគេច និងមកតែរថយន្តទទេ មិនដូចសព្វមួយដងនោះទេ ។

លោកបន្តទៀតថា ក្នុងការបង្ក្រាបនេះ នៅមិនទាន់បានតួលេខនៅឡើយទេ ព្រោះកំពុងអនុវត្តន៍នៅឡើយ ហើយក្នុងការចុះបង្ក្រាបនោះគឺចាប់ ពីរថ្ងៃទី23 ខែមិថុនា ឆ្នាំ2017 នេះតទៅ ៕ មាស សុផាត


ចែករំលែក៖