ខេត្តឧត្តរមានជ័យ៖ មុនស្ស៧នាក់ រួមនឹងសម្ភារមួយចំនួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួននិងរឹបអូសបាន បន្ទាប់ពីបង្ក្រាបកន្លែងលេងល្បែងអាប៉ោងមួយកន្លែងស្ថិតនៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង កាលពីវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
នគរបាលស្រុកអន្លង់វែងមួយរូប បាននិយាយថា ក្នុងប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសង អាប៉ោងនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងបាន៧នាក់ ចានតោមួយ មេអាប៉ោងពីរ និងថវិកា៥៣០០០០រៀល។
បច្ចុប្បន្ននេះមនុស្សទាំង៧នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
ជុំវិញការបង្ក្រាបវង់ល្បែងស៊ីសងរបស់សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងនេះ មានប្រជាពលរដ្ឋខ្លះសាទរ និងប្រជាពលរដ្ឋមួយចំនួនរិះគន់ទៅវិញថា ការអនុវត្តច្បាប់របស់សមត្ថកិច្ច គ្មានភាពយុត្តិធម៌លំអៀង ដោយពលរដ្ឋលើកឡើងថា ចាប់តែកន្លែងតូចៗ ចំណែកកន្លែងធំៗមិនហ៊ានចាប់នោះទេ។
ប្រជាពលរដ្ឋបានបន្តថា មានវង់ល្បែងធំមួយនៅព្រំប្រទល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងស្រុកវ៉ារិន្ទ ខេត្តសៀមរាប ដែលវង់ល្បែងនោះមានទាំងយោធាដាក់បារ៉ាស់យាមផង ហើយគេលេងល្បែងជល់មាន់ អាប៉ោង យូគី ហើយគេលេងធំៗទៀត ម្តេចមិនទៅបង្ក្រាប?បែរមកបង្ក្រាបតែកន្លែងតូចតាច ដែលអ្នកស្រុកលេងដើម្បីកែអផ្សុកទៅវិញ?
ទាក់ទងនឹងករណីនេះ មិនអាចសុំការបំភ្លឺពីលោកអធិការស្រុកអន្លង់វែងបានទេ ដោយទូរសព្ទ័ពុំអាចទាក់ទងបាន ប៉ុន្តែតាមប្រភពព័ត៌មានមួយបានបញ្ជាក់ថា ទីតាំងល្បែងនោះបានផ្អាកហើយបន្ទាប់ពីការចុះផ្សាយព័ត៌មាន លឺដល់អ្នកធំៗក្នុងខេត្ត៕ ប៉ែន នួន