ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ បើកបរបំពានសិទ្ធិផ្លូវដែក ត្រូវរថភ្លើងបុកគូទខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ លោកផ្កាយ១យោធាម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក់ឡិចស៊ីសRX៣០០ ដោយរំលោភបំពានលើស្លាកសញ្ញាហាមឃាត់ ពេលរថភ្លើងឆ្លងកាត់ ធ្វើឲ្យរថភ្លើងបុកគូទរថយន្តបណ្តាលឲ្យខ្ទេចរថយន្តមួយកំណាត់ខាងក្រោយតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវរថភ្លើងម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

រថយន្តរងគ្រោះម៉ាក់ឡិចស៊ីសRX៣០០ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២S- ៦០១៧ បើកបរដោយលោកផ្កាយមួយឈ្មោះអេង ហុង អាយុប្រហែល៦០ឆ្នាំ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ឡិចស៊ីសRX៣០០ បើកបរដោយមន្រ្តីយោធាម្នាក់ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ៥៩៨ លុះជិះមកដល់ចំណុចផ្លូវរថភ្លើង គឺក្រុមការងារផ្លូវដែកគេបានដាក់ប៉ារាសហាមមិនឲ្យយានយន្តបើកឆ្លងកាត់នោះទេ ព្រោះជាសញ្ញាចង់បង្ហាញថាមានរថភ្លើងឆ្លងកាត់ ប៉ុន្តែពេលនោះស្រាប់តែរថយន្តរងគ្រោះ បានបើកឆ្លងកាត់ផ្លូវដែកនោះ ក៏ត្រូវរថភ្លើងមកដល់បុកចំគូទក្រោយយ៉ាងទំហឹងតែម្តង ។

ក្រោយកើតហេតុរថយន្តត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក ចុះមកស្ទួចយកទៅរក្សាទុកនៅការិយាល័យដើម្បីដោះស្រាយគ្នាតាមក្រោយ ។ចំណែកឯរថភ្លើងក៏បានបើកចូលចំណតផងដែរ ៕ស តារា


ចែករំលែក៖