ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានអាណាព្យាបាលនារីរងគ្រោះម្នាក់ចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដើម្បីចាត់ការតាមផ្លូវច្បាប់ខណៈដែលបុរសជាជនសង្ស័យរស់នៅក្នុងភូមិជាមួយគ្នាចាប់រំលោភកូនស្រីរបស់គាត់បានសម្រេច ហើយប៉ុនប៉ងលបចូលទៅរំលោភម្តងទៀត។
ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយជនសង្ស័យត្រូវបានបញ្ជូនទៅនគរបាលស្រុកកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ និងបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែមិថុនា បន្ទាប់ពីជនសង្ស័យបានឆ្លើយសារភាពពីសកម្មភាពដែលខ្លួនបានប្រព្រឹត្តទៅលើនារីរងគ្រោះ។
ជនសង្ស័យដែលរងនឹងការចាប់ខ្លួនពាក់ព័ន្ធរំលោភនារីក្រមុំឈ្មោះ សំ សំអុល អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។ រីឯនារីរងគ្រោះឈ្មោះ សសល អាយុ២១ឆ្នាំ ។
បើតាមអ្នកភូមិបានបង្ហើបថា នារីរងគ្រោះជាមនុស្សមិនស្ូវគ្រប់(មនុស្សវិប្បលៈស្មារតី)។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីយប់ ខណៈដែលឪពុកម្តាយរបស់នារីរងគ្រោះមិននៅផ្ទះ ជនសង្ស័យបានឡើងទៅចាប់នាងរំលោភរហូតបានសម្រេច រួចក៏ចេញទៅបាត់។ ក្រោយពីមានហេតុការណ៍នេះកើតឡើង និងក្រោយពេលឪពុកម្តាយនារីរងគ្រោះឃើញនារីរងគ្រោះមានសភាពមិនប្រក្រតី ក៏បានជជីកសួរកូនស្រី ហើយកូនស្រីក៏បានប្រាប់ពីសកម្មភាព និងកាយវិការរបៀបមនុស្សវិប្បលៈស្មារតី។
បន្ទាប់ពីឪពុកម្តាយបានយល់កាត់ដឹងរឿងហេតុ ពួកគាត់ក៏បានចាំឃ្លាំមើលពីសកម្មភាពជនសង្ស័យ ពេលនោះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជាង៨យប់ ជនសង្ស័យទំនងជាញ៉ាម ក៏បានប៉ុនប៉ងបម្រុងទៅចាប់នារីរងគ្រោះរំលោភសារជាថ្មី ត្រូវឪពុកម្តាយរបស់នាងចូលទៅទាន់ និងស្រែកឆោរឡោចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលតាំងក្រូចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សំ សំអុល បានសារភាពថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ រូបគេពិតជាបានចាប់រំលោភសេពសន្តវៈលើនារីរងគ្រោះ សសល បានសម្រេចនោះពិតមែន។
ផ្អែកតាមបណ្តឹងអាណាព្យាបាលនារីរងគ្រោះ និងយោងចម្លើយសារភាពជនសង្ស័យ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចោទប្រកាន់បញ្ជូនទៅដាក់ពន្ធនាគាររង់ចាំកំណត់ថ្ងៃបើកសវនាការ៕ សេនាស័ក្តិ