ព័ត៌មានទាន់ហេតុការណ៍៖

លួចបានស្បង់ចីពរព្រះសង្ឃទៅប្តូរក្នុងបន្ទប់ទឹកក្លែងជាសង្ឃក្លែងក្លាយ សន្តិសុខមន្ទីរពេទ្យចាប់ជាប់

ចែករំលែក៖

 
ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ចុះទៅនាំខ្លួនភ្លាមៗ ក្រោយពីសន្តិសុខមន្ទីរពេទ្យ (ជប៉ុន)បានរាយការណ៍ថា មានសង្ឈក្លែងក្លាយម្នាក់ ចូលបន្ទប់ទឹកពេទ្យ ប្តូរសម្លៀកបំពាក់ជាសង្ឃ ប្រុងចេញបិណ្ឌបាត តែមិនបានសម្រេច ត្រូវចាប់ក្របួចទាន់ពេល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនពីបទស្លៀកសម្លៀកបំពាក់ក្លែងខ្លួនជាសង្ឃ ដែលគ្មានសិទ្ធិនេះឈ្មោះ អ៊ិន សិរី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីលំនៅពិតប្រាកដ ត្រូវបានដកហូតស្បង់ចីពរព្រះសង្ឃមួយឈុត។

ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យបានលួចយកស្បង់ចីវរបស់ព្រះសង្ឃដែលបោកហាលនៅវត្តសិត្ថាវ័ន ហៅវត្តទួលអស់លោក លុះដល់ថ្ងៃទី២៦ ខែមិថុនា ជនសង្ស័យបានចូលក្នុងបន្ទប់ទឹកក្នុងមន្ទីរពេទ្យគាំពារទារក និងមាតា(មន្ទីរពេទ្យជប៉ុន)ដើម្បីស្លៀកពាក់ជាសង្ឃប្រុងចេញបិណ្ឌបាត ពេលនោះក្រុមសន្តិសុខមន្ទីរពេទ្យឃើញទាន់ ក៏ហៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកមកនាំខ្លួនជនសង្ឃរូបនោះទៅសួរនាំរឿងហេតុ និងបញ្ជូនទៅចាត់ការបន្តនៅអធិការនគរបាលខណ្ឌដូនពេញ៕ស តារា


ចែករំលែក៖