ព័ត៌មានទាន់ហេតុការណ៍៖

ជោគវាសនា​យាយ​ព្រឿង​ ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្ទឹង​ត្រែង​ នឹង​ត្រូវ​តុលាការ​សម្រេច​នៅ​រសៀល​នេះ​

ចែករំលែក៖

ភ្នំពេញ​៖​ ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាននិង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​ ឈ្មោះ​ ហេង សំនាង​ ហៅ​យាយ​ព្រឿង​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ម២​ បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ដើម្បី​ជំនុំជម្រះ​ ។​ ក្រោយ​ការ​សួរ​ដេញដោល​ លោក​ចៅក្រម​ ពេជ្រ​ វិជ្ជា​ធរ​ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​វិញ​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​ជោគវាសនា​យាយ​ព្រឿង​ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងណា​ ពេល​ប្រកាស​សាលក្រម​នោះ​ ។

សូមបញ្ជាក់ថា យាយ​ព្រឿង ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពី​មេ​ឈ្មួញ​ដ៏​ធំ​រូបនេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់​មានបំណង​ទៅ​រំដោះ​យក​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយកទៅ​រក្សាទុក នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ។​

​ក្រោយ​ការចាប់ខ្លួន យាយ​ព្រឿង ត្រូវបាន​គេ​ផ្ទេរ​សមត្ថកិច្ច​តុលាការ​ពី​ខេត្តស្ទឹងត្រែង មកកាន់​តុលាការ​រាជធានី​ភ្នំពេញ​វិញ​។​

យាយ​ព្រឿង ដែលមាន​ឈ្មោះ ហេង សំនាង មាន​អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម អាស័យដ្ឋាន​ស្នាក់នៅ​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​ ៕​ ចេស្តា


ចែករំលែក៖