ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើង២ក្រុមបានដេញកាប់គ្នារួចរេចង្កូតម៉ូតូទៅបុកម៉ូតូបុរសម្នាក់ដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមក្មេងទំនើង២ក្រុមបានដេញកាប់គ្នារួចរេចង្កូតម៉ូតូទៅបុកម៉ូតូបុរសម្នាក់ដឹកគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមក្មេងទំនើងម្នាក់ក្នុងចំណោម៣នាក់រងរបួសធ្ងន់ដែរ។ ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជា៤ ខាងលិចជ្រុងខាងត្បូងផ្សារក្រុងបានលុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

តាមប្រភពពីអាជីវករលក់បន្លែត្រីសាច់តាមដងផ្លូវពេលទៀបភ្លឺបានឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា ក្រុមក្មេងទំនើងមាន២ក្រុមនេះ ទំនងមួយក្រុមទៀតមានគ្នាច្រើនដេញកាប់១ក្រុមទៀត មានគ្នា៣នាក់បានជិះម៉ូតូរត់យ៉ាងលឿនមកដល់កន្លែងកើតហេតុខាងលើ ក៏បុកបុរសម្នាក់ពេញទំហឹងដែលជិះម៉ូតូមកទិញឥវ៉ាន់ ពីត្បូងមកជើងបញ្ច្រាសទិសគ្នានឹងម៉ូតូបង្ក បណ្តាលឲ្យរងរបួសធ្ងន់ ។

ប្រភពបន្តថា រីឯក្មេងទំនើងម្នាក់ក្នុងចំណោមគ្នា៣នាក់ ក៏បានរងរបួសធ្ងន់ផងដែរ ចំណែកពីរនាក់ទៀតបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកដាវនៅកន្លែងកើតហេតុ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា មាស សំ អ៊ាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ-ក្រហម ពាក់ស្លាកលេខ តាកែវ 1K-0632 រីឯជនបង្កមានឈ្មោះ ភឹប សេប ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់កាចាញ ជិះម៉ូតូអិចស៊ិនធ័រ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។

ភ្លាមៗបន្ទាប់ពីកើតហេតុជនរងគ្រោះ និងជនបង្កម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត វត្ថុតាងម៉ូតូ២គ្រឿង និងដាវ១ដើមត្រូវសមត្ថកិច្ចរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការខេត្ត។

លោកមឿង សារិទ្ធ នាយការិយាលនគរបាលចរាចរផ្លូវគោកបានឲ្យដឹងថា ចំពោះជនបង្កមានគ្នា៣នាក់ហើយរត់គេចខ្លួនបាត់២នាក់នោះ លោកនឹងចាត់កម្លាំងឲ្យធ្វើការស្រាវជ្រាវដើម្បីសាកសួរបន្តទៀត។

តាមការបញ្ជាក់របស់ក្រុមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋលក់ដូរនៅពេលយប់បានត្អូញត្អែរថា បច្ចុប្បន្នក្មេងទំនើងនៅក្នុងក្រុងបានលុងនៅតែកើតមានឡើងជារៀងរហូតធ្វើឲ្យពួកគាត់មានការភ័យព្រួយ និងបារម្ភជាខ្លាំងដល់សុវត្ថិភាពពួកគាត់ប្រកបអាជីវកម្មពេលយប់។

ពួកគាត់លើកឡើងទៀតថា តាមការសង្កេតឃើញចាប់ពីម៉ោង១២រហូតទល់ភ្លឺ មានក្មេងទំនើងជាច្រើនក្រុម តែងតែបង្កការភាពភ័យខ្លាចពាស់ពេញក្រុងតែម្តង៕ សាយប៉ូច


ចែករំលែក៖