ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសម្បូរទៅដោយជនសង្គមងងឹត ធ្វើសកម្មភាពជូញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានក្មេងស្រីអាយុទើបតែ១៣ឆ្នាំម្នាក់ និងដកហូតសារធាតុញៀនចំនួន២៩កញ្ចប់ ។
ករណីចុះបង្រ្កាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ប្លុករោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យប្រុសស្រីទាំង២ មានឈ្មោះ ទី១ រឿន សុខខេង អាយុ៣៥ឆ្នាំ ភេទប្រុស ស្នាក់នៅរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ដកហូតបានសារធាតុញៀនបានចំនួន៩កញ្ចាប់តូច។ចំណែកនារីសង្ស័យមានឈ្មោះ ចាន់ ស្រីមាស ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅចំណុចរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថទួលគោក បានឲ្យដឹងថា មុនពេលចុះបង្រ្កាបករណីគ្រឿងញៀននេះ គឺកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ការចុះបង្រ្កាបជាក់ស្ដែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោកយកមកសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរេឿងចាត់ការតាមនីតិវិធី ៕ ស តារា