ព័ត៌មានទាន់ហេតុការណ៍៖

អ្នកណាជាដើមហេតុដែលធ្វើឲ្យព្រះកម្ពុជាក្រោមមួយអង្គនិងលោកអាចារ្យម្នាក់បានខ្លួននៅសង្កាត់ស្រងែ ទឹកដីខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រះសង្ឃមួយអង្គដែលមានកំណើតនៅកម្ពុជាក្រោម និងតាអាចារ្យម្នាក់ ដែលបាត់ខ្លួននៅក្នុងទឹកដីនៃខេត្តសៀមរាប ត្រូវបានសាច់ញាតិក្រុមគ្រួសារតាមរក បន្ទាប់ពីគេបានឃើញបណ្ដាញសង្គមហ្វេសប៊ុក របស់ប៉ូលិស បង្ហោះរូបព្រះសង្ឃ និងអាចារ្យនោះអាក្រាតកាយ ដោយស្លៀកការុងជំនួសស្បង់ចីពរ ទំនងជាមានការវាយដំធ្វើបាបអ្នកទាំងពីរ ក្នុងសង្កាត់ស្រង៉ែ ក្រុងសនិងខេត្តសៀមរាប។

ក្រោយពីការបាត់ខ្លួន ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល មានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) នៅខេត្តសៀមរាប កំពុងស៊ើបអង្កេតរកតម្រុយនៃការបាត់ខ្លួនព្រះសង្ឃកម្ពុជាក្រោម ១អង្គ និងតាអាចារ្យម្នាក់ បន្ទាប់ពីក្រុមប្រជាការពារភូមិស្រង៉ែ ចាប់ខ្លួន ហើយបញ្ជូនឲ្យប៉ូលិសប៉ុស្តិ៍ស្រងែរួចមក។

លោក មាស សេរី មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ថា កូនប្រុសរបស់លោក ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១ព្រះវស្សា មានកំណើតនៅភូមិជ្រៃតាសូរ ឃុំកីយ៉ា ស្រុកមាត់សមុទ្រ នៃខេត្តព្រះត្រពាំង(កម្ពុជាក្រោម) បាននិមន្តមកគង់នៅវត្តទួលសង្កែ ក្នុងទីក្រុងភ្នំពេញរយៈពេលជាង ១០ឆ្នាំហើយ ៗកាលពីថ្ងៃទី១៨ ខែមិថុនា ព្រះសង្ឃព្រះនាម មាស វិចិត្រ និងតាអាចារ្យម្នាក់ឈ្មោះ នី បានទៅលេងសាច់ញាតិនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ហើយនិមន្តត្រឡប់មកវិញទាំងយប់ក៏បាត់ខ្លួនតាំងពីពេលនោះរយៈពេល ៨ថ្ងៃមកហើយ មិនទាន់រកឃើញនៅឡើយទេ ។

លោកមាស សេរី បន្តថា លោកក៏បានចូលទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រង៉ែ បានឃើញលិខិតកិច្ចសន្យាឈ្មោះកូនរបស់លោក និងរូប តាអាចារ្យអាក្រាតកាយដោយគេឲ្យស្លៀកការុង។

អ្នកភូមិ ទទា សង្កាត់ក្របីរៀល បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា គឺព្រះសង្ឃព្រះនាម មាស វិចិត្រ និងតាអាចារ្យឈ្មោះ នី បាននិមន្តទៅលេងនៅភូមិទទា ព្រមទាំងជួយឧបត្ថម្ភអំណោយសប្បុរសធម៌ដល់ក្លឹបក្បាច់គុនល្បុក្កតោផងដែរ។ ប៉ុន្តែនៅពេលយប់ថ្ងៃដដែល ព្រះសង្ឃ និងតាអាចារ្យបានចាកចេញ គឺម៉ោង ៩ និង ២០នាទីយប់ ព្រមទាំងហាមឃាត់មិនឲ្យប្រាប់អ្នកណាដឹងពីការនិមន្តចាកចេញនេះទេ៖ « ដល់ពេលលោកនិមន្តចេញទៅហើយ ក៏មិនដឹងថាមានរឿង អ្វីទៀតទេ លុះដល់ពីរថ្ងៃក្រោយមក ទទួលដំណឹងថា មានការចាប់លោកសង្ឃ និងតាម្នាក់វាយធ្វើបាបនៅសង្កាត់ស្រង៉ែ»។

ប្រភពពីសាច់ញាតិរបស់ព្រះសង្ឃកម្ពុជាក្រោមនោះអះអាងថា គេបានឮព័ត៌មានថា ក្រុមប្រជាការពារនៅភូមិស្រង៉ែ ជាជនខិលខូចដើរលួចឆក់ ក្រោយពីបានចាប់ព្រះសង្ឃ និងតាអាចារ្យរួច បញ្ជូនទៅឲ្យនគរបាលប៉ុស្តិ៍ស្រង៉ែដោយ បកស្បង់ចីពរព្រះសង្ឃ និងដោះសម្លៀកបំពាក់តាអាចារ្យ ហើយឲ្យស្លៀកការុងក្នុងពេលនោះតែម្ដង។

នាយប៉ុស្តិ៍នគរបាលសង្កាត់ស្រង៉ែ លោក ស៊ាវ ធឿត ឆ្លើយថា ប្រជាការពារភូមិស្រង៉ែ ជាអ្នកចាប់ខ្លួនព្រះសង្ឃនិងតាអាចារ្យមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ។ លោកមេប៉ុស្តិ៍រូបនេះអះអាងថា មិនបានដោះស្បង់ចីពរព្រះសង្ឃ និងតាអាចារ្យ ឲ្យស្លៀកការុងនោះទេ គឺទាំងពីរនោះស្លៀកខ្លួនឯង ហើយនៅពេលដែលរកមិនឃើញកំហុស ក៏ដឹកអ្នកទាំងពីរទៅបេនឡាននៅក្នុងក្រុងសៀមរាប ដើម្បីឲ្យជិះឡានក្រុងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែអ្នកទាំងពីរនាំគ្នារត់ចុះពីលើម៉ូតូ ហើយគេចខ្លួនបាត់មិនដឹងទៅទីណា។

រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ មានដំណឹងថ្មីពីអ្នករស់នៅភ្នំគូលែនថា ឃើញភិភាគព្រះសង្ឃ និងអាចារ្យម្នាក់វង្វេង លុះសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ពិនិត្យមើលមិនមែន ជាព្រះសង្ឃនិងទេ ចំណែកព្រះសង្ឃដែលបាត់នោះ មិនទាន់ រកឃើញនៅឡើយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖