ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងឃាត់ខ្លួនកូនប្រុសមេភូមិពាលញែក ១ពីបទគំរាមសម្លាប់ តាមដីកាបង្គប់ឲ្យនាំខ្លួន

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ ក្នុងការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ក្នុងនោះ កម្លាំងបានឃាត់ខ្លួនកូនប្រុសលោកមេភូមិពាលញែក ១ ដោយចោទពីបទគំរាមសម្លាប់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលវេលាម៉ោង១២ និង២០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានអនុវត្តន៍(ឃាត់ខ្លួន) ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជា(កូនប្រុសលោកមេភូមិពាលញែក ១)។

លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តថា ការដែលកម្លាំងឃាត់ខ្លួនជនសង្ស័យខាងលើរូបនេះ គឺអនុវត្តឡើងដីកា(បង្គាប់ឲ្យនាំខ្លួន) របស់សាលាដំបូងខេត្តពោធិ៍សាត់លេខ ៩២ ដន ១៧ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទ៖ (គំរាមសម្លាប់ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនខាងលើនេះ ប្រព្រិត្តកាលពីថ្ងៃទីប៉ុន្មាន ឬខែឆ្នាំណា និងនៅទីកន្លែងណានោះទេ។

លោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការបន្តទៀតថា ចំពោះជនសង្ស័យបានបន្តនីតិវិធីនៅការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារខ្លះៗបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖