ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ២ឆ្នាំ បានបាត់ខ្លួនរយៈពេល៣ម៉ោង ទើបញាតិមិត្តប្រទះឃើញលង់ទឹកស្រះស្លាប់ ក្រោយពេលក្មេងរងគ្រោះរត់តាមបងប្រុសអាយុ១១ឆ្នាំជិះកង់ដើរលេងក្នុងភូមិ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋឃុំបុស្បូវប្រាប់ឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះឈ្មោះកិញ ពិទូ អាយុ២ឆ្នាំ នៅជាមួយជីតានិងជីដូន នៅភូមិកើតហេតុ ចំណែកម្តាយឪពុក ទៅរកស៊ីធ្វើការនៅប្រទេសថៃ ទុកក្មេងរងគ្រោះនៅជាមួយជីដូន ជីតា។
មុនពេលកើតហេតុ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៧ ក្មេងប្រុសរងគ្រោះបានរត់តាមបងប្រុស របស់គេឈ្មោះអឿន វ៉ា ភេទប្រុសអាយុ១១ឆ្នាំ ជិៈកង់ទៅលេងក្នុងវត្តត្របែក តែបងប្រុសមិនដឹងថាប្អូនរត់តាមនោះទេ លុះដល់ជីតាឈ្មោះ ស្មុគ កិញ អាយុ៦៥ឆ្នាំ ត្រឡប់មកពីភូមិក្បាលខ្ទីង ឃុំបុស្បូវ វិញមិនឃើញចៅដែលជាក្មេងរងគ្រោះ ក៏សួរប្រពន្ធគាត់ថា បាត់ចៅកិញ ពិទូ ទៅណាមិនឃើញ ពេលនោះកើតមានការសង្ស័យក៏ស្រែកហៅញាតិបងប្អូនជួយរក លុះដល់វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញសពក្មេងប្រុសអណ្តែតក្នុងទឹកស្រះខាងត្បូងវត្តចម្ងាយ៥០ម៉ែត្រ ដែលមានទឹកជម្រៅ២,៥០ម៉ែត្រ។
ក្រោយពីកើតហេតុនោះភ្លាមកម្លាំងនគរបាលប៉ុស្ថិ៍ឃុំក៏បានចុះទៅត្រួតពិនិត្យសពក្មេងរងគ្រោះ គឺការស្លាប់របស់ក្មេងរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកកដមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ។
សពក្មេងរងគ្រោះបន្ទាប់មក ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សំ វិច្ឆិកា