ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាប់សារធាតុញៀន ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស រូបសំណាកនៅក្នុងក្រុងបាត់ដំបងយាយទូលកណ្តាប់ស្រូវ និងរូបសំណាកអប្សរា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់មាន ជាប់សារធាតុញឿន បានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោយជនសង្ស័យរូបនេះបានធ្វើសកម្មភាព វាយកម្ទេចរូបសំណាកចំនួន២ នៅទីសាធារណៈនៅក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់រួចហើយនោះ។

ជនសង្ស័យមានឈ្មោះ ឃុន ប៉ូឡូ ភេទ ប្រុស អាយុ37ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្រុមទី07 ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីអធិការនគរបាលក្រុងបាត់ដំបង លោកវរសេនីយ៍ត្រី ប៉ាង ហៀងប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក នៅចំណុចក្រុមទី ៣០ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មាន ករណី ធ្វើឲ្យខូចខាតដោយ ចេតនា ( រូបសំណាកយាយទូលកណ្តាប់ស្រូវ របស់រដ្ឋ) មួយកើត ឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានវាយរូបសំណាក យាយទូលកណ្តាប់ស្រូវរងការខូចខាតទាំងស្រុង។ លុះមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅចំណុចរង្វង់មូល ឋិតក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ក៏មានករណី ធ្វើឲ្យខូចខាតដោយចេតនា (រូបសំណាកអប្សរា របស់រដ្ឋ) មួយកើតឡើងថែមទៀតបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយ រូបសំណាកខាងលើ បណ្តាលឲ្យរងការខូចខាតផងដែរ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា បន្ទាប់មកអាជ្ញាធរមូលដ្ឋានក៏បានប្តឹងរាយការណ៍មកសមត្ថកិច្ច។ កម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ បានកំណត់បានមុខសញ្ញាម្នាក់ខាងលើ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅជំពោះមុខសមត្ថកិច្ច ឈ្មោះ ឃុន ប៉ូឡូ បានឆ្លើយសារភាពថា ខ្លួនពិត ជាបានប្រព្រឹត្តសកម្មភាព វាយបំផ្លាញចោលនៅរូបសំណាក ទាំងពីរលើកនោះ ពិតប្រារកដមែន ហើយខ្លួនយកក្បាលរូបសំណាក ទៅលាក់ទុកនៅផ្ទះរបស់ខ្លួនផងទៀត ។ មូលហេតុៈ ដោយសាររូបគេប្រើប្រាស់គ្រឿងបែកថ្នាំរវើរវាយបាត់ម្ចាស់ការម្តងៗ ទើប ប្រព្រឹត្តវាយបំផ្លាញរូបសំណាកខាងលើចោលទៅ។ ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖