ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគាស់ទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិ ជនរងគ្រោះឈ្មោះ ភួន គឹមហួន ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្ដី និងប្រពន្ធឈ្មោះ ឡាយ លាង ឃីម អាយុ៣៦ឆ្នាំ រស់នៅភូមិថ្លាឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈបាត់បង់រួមមាន លុយខ្មែរ៨ លានរៀល, លុយដុល្លារ ៣៤០០$ , ខ្សែកមាស១ខ្សែ ទម្ងន់មួយដំឡឹងកន្លះ, ចិញ្ចៀនមាស១វង់ ទម្ងន់៥ជី, ខ្សែដៃមាស១ខ្សែ ទម្ងន់១ដំឡឹង។
តាមការបញ្ជក់ពីលោកអនុសេនីយ៍ឯក គៀន គឿន ប្រធានស្នាក់ការសន្តិសុខ៦០៣ ប្រាប់ថា រហូតដល់វេលាម៉ោង ១៤ និង ១៥ នាទី ថ្ងៃទី ២៨ មិថុនា ២០១៧ ខែឆ្នាំដដែល កំលាំងស្នាក់ការសន្តិសុខ៦០៣ សហការ ជាមួយ នគរបាល ស្រុកបារាយណ៍ បានស្រាវជ្រាវឃើញ ជនសង្ស័័យឈ្មោះ ប៉ែន ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ជាអ្នកចូលគាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិទាំងនេះ ដោយសាររបងផ្ទះជាប់គ្នា ងាយស្រួលនឹងធ្វើសកម្មភាព ។ ពេលសមត្ថកិច្ចកំពុងសួរនាំ ស្រាប់តែ ឃើញ (ជនសង្ស័យយកថង់ប្លាស្ទិកមួយទៅបោះចោលក្រោយផ្ទះ) ក្រោយមក សមត្ថកិច្ចតាមមើល ឃើញវត្ថុតាង ហើយចោទប្រកាន់ជនសង្ស័យតែម្ដង។
សមត្ថកិច្ចបន្តថា សម្ភាររកឃើញវិញមាន លុយដុល្លារចំនួន ២៨០០$ , លុយខ្មែរចំនួន ០៧ លានរៀល , ខ្សែកមាស០១ខ្សែ ទម្ងន់មួយដំឡឹងកន្លះ , ចិញ្ចៀនមាស១វង់ ០៥ជី , ខ្សែដៃមាស១ខ្សែ ១ដំឡឹង។
សម្ភារៈដែលបាត់បង់ ៖ លុយដុល្លាចំនួន ៦០០$ , លុយខ្មែរចំនួន ៥០ ម៉ឺន បន្ទាប់ពីសមត្ថកិច្ចរកឃើញ បានបញ្ជូនជនសង្ស័យ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាន នគរបាល ស្រុកបារាយ៍១យប់ លុះដល់ព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៧ នឹង ដោះស្រាយ ឬ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ តាមប្រភពលឺថា គេចង់ដោះលែងជនសង្ស័យវិញហើយ៕ ប៊ុនរិទ្ធី