ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច តែជិះម៉ូតូដួលត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ដែលកើតហេតុនៅត្រង់ចំណុចមុខក្លោងទ្វារវត្តសន្សំកុសល តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យរូបនេះបានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហើយរត់មិនរួច ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងទំពុន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ណារ៉េត សុធាណាន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកម្នាក់ដែលរត់គេចខ្លួនបាត់ មានឈ្មោះ លាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ដោយឡែក ជនរងគ្រោះមានឈ្មោះ ទិត ចាន់ទេវី ភេទស្រី អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ២១N ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីស្ត្រីរងគ្រោះជាម្ចាស់កាបូបបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូឌុបមកពីជួបមិត្តភក្តិនៅខាងក្រោយវត្តសន្សំកុសល ដោយបានដាក់កាបូបមានលុយម៉ឺនរៀល សោផ្ទះ៥ និងឯកសារមួយចំនួនក្នុងកាបូប បានដាក់លើភ្លៅចម្លោះម៉ូតូ ខណៈដែលធ្វើដំណើមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយ សុគី និច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FW-0772 ឌុបគ្នាមកពីក្រោយ ហើយបានឆក់កាបូបស្ពាយជនរងគ្រោះបានសម្រេច និងធ្លាក់ស្ត្រីរងគ្រោះពីលើម៉ូតូបណ្ដាលឲ្យដួលរងរបួសស្រាលផងដែរ ។ ពេលនោះជនសង្ស័យ ក៏បានជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូប្រជាពលរដ្ឋដែលនៅពីមុខបណ្ដាលឲ្យដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលប្រចាំនៅទីនោះឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមជាមួយម៉ូតូម៉ាកនិចភ្លាមៗ ចំណែកជនសង្ស័យម្នាក់ទៀត រត់ឡើងលើម៉ូតូបក្ខពួកដែលជិះមកពីក្រោយគេចខ្លួនបាត់ ដោយយកកាបូបទៅជាមួយផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពុន ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការទៅលើជនសង្ស័យដែលឃាត់ខ្លួនបានដាក់ទោសតាមផ្លូវច្បាប់ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងទំពុន កសាងសាណុំរឿង និងឃុំខ្លួនបណ្ដោះអាសន្ន រងចាំបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖