ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុន អាលីហ្សា ផ្អាកសិល្បៈជិតមួយឆ្នាំព្រោះត្រៀមធ្វើមន្ត្រីអង្គរក្ស

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជិតមួយឆ្នាំហើយដែលតារាចម្រៀង និងសម្តែងអ៊ុន អាលីហ្សា បានផ្អាកការងារសិល្បៈព្រោះតែនាងប្រឡងជាប់ជាមន្ត្រីប៉ូលីស ។ ក្រោយការហ្វឹកហាត់ជំនាញផ្នែកការពារនេះ នាងនឹងចេញមកបំពេញតួនាទីជាមន្ត្រីអង្គរក្សស្រីជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

តារាស្រីថ្ពាល់ខួច អ៊ុន អាលីហ្សា បានសម្រេចចិត្តផ្អាកការងារសិល្បៈទាំងការសម្តែង និងច្រៀងចោលមួយអន្លើក្រោយពីនាងជាប់ឈ្មោះជាមន្ត្រី។

នាងថា វាគឺជាក្តីបំណងប្រាថ្នាតាំងពីកុមារម្ល៉េះ ក្នុងការបំពេញការងារជាអង្គរក្សស្រីឬមន្ត្រីប៉ូលីសនេះ ហើយគ្រាដែលនាងជាប់ការងារនេះគឺជាសមត្ថភាពក្នុងការប្រឡង បូករួមទាំងការពិនិត្យកាយសម្បទារសមរម្ភនឹងអាចបំពេញការងារនេះបាន។

នាងថាការងារសិល្បៈទាំងអស់ត្រូវបានសម្រាក ព្រោះតែនាងត្រូវចូលរួមការហ្វឹកហាត់ដោយងើបចេញដំណើរចាប់តាំងពីម៉ោង៥ភ្លឺជាច្រើន ទាំងការការពារ ការហ្វឹកហាត់តៃក្វាន់ដូ បាញ់កាំភ្លើង និងជំនាញជាច្រើនទៀតនាសាលាហ្វឹកហ្វឺនមន្ត្រីនគរបាលនាតំបន់ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នាងថាក្រោយរៀនចប់នាងនឹងបំពេញការងារលើផ្នែកការពារថ្នាក់ដឹកនាំ ឬគណប្រតិភូអន្តរជាតិជាដើម។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបន្តថា ខែក្រោយនេះនាងនឹងបញ្ចប់ការហ្វឹកហាត់ និងទទួលយកការងារជាច្រើនដែលថ្នាក់លើដាក់ឲ្យ។

នាងថាពិតជាមានមោទភាពដែលបានក្លាយជាប៉ូសលីស្រីតាមការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាហើយនាងរំពឹងដែរថានឹងមានយុវតីជំនាន់ក្រោយក៏អាចមានសមត្ថភាពច្រើនធ្វើបានល្អជាងនាងផងដែរ។

ទោះជាយ៉ាងណា អាលីហ្សា នៅតែបន្តការងារសិល្បៈឡើងវិញក្រោយពីនាងហ្វឹកហាត់ចប់ ហើយមានពេលទំនេរពីការងារ។ សម្រាប់អាជីពសម្អាងការនៅខេត្តកំពង់ធំគឺនាងនៅតែបន្តបើកដដែលដោយឲ្យបងប្រុស ជាអ្នកមើលការខុសត្រូវជំនួស។

រឿងរ៉ាវបេះដូងវិញតារាស្រីរូបនេះបញ្ជាក់ថា នាងមិនមានស្នេហាថ្មីនោះដែរក្រោយពីបែកសង្សារជាថៅកែហាងកាហ្វេកាលពីកន្លងទៅ។ នាងថាការងារច្រើន រវល់ច្រើនមិនមានពេលគិតរឿងរ៉ាវស្នេហាថ្មីនោះទេ គឺត្រូវការពេលវេលាបន្តទៀត៕ វឌ្ឍនា


ចែករំលែក៖