ព័ត៌មានទាន់ហេតុការណ៍៖

ជិះយន្តហោះពីអាមេរិកមកបុណ្យសពឪពុកជាប់ខ្នោះព្រោះបោកពលករខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ និងបានបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញពាក់ព័ន្ធពីបទឆបោក ប្រាក់ក្រោមរូបភាពជ្រើសរើសពលករទៅប្រទេសអូស្ត្រាលី ។

បុរសជាប់សង្ស័យ ដែលសមត្ថ​កិច្ច​ឃាត់​ខ្លួនឈ្មោះ Vorn yen viliam ភេទ​ប្រុស អាយុ៤៧ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅ​សហរដ្ឋអាមេរិក។ ជនសង្ស័យត្រូវចាប់ខ្លួននៅក្នុងហាងកាហ្វេ park coffee ក្បែរផ្សារ​សុវណ្ណា កាលពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ​២០១៧ ដោយកម្លាំងសមត្ថកិច្ច កងអាវុធហត្តលើផ្ទៃប្រទេស ខណៈជន​សង្ស័យទើប ជិះយន្តហោះពីសហរដ្ឋ​ អាមេរិកមកកម្ពុជាក្នុងបំណងមកចូលរួម ធ្វើបុណ្យសពឪពុក ។

ដើមចមនៃការឃាត់បុរសខាងលើនេះ ត្រូវបានប្រភពព័ត៌មាន ពីសាលាដំបូង​បង្ហើបឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៦ ជនសង្ស័យធ្វើជាមេខ្យល់ក្នុងការជ្រើសរើស ពលករនាំទៅធ្វើការនៅប្រទេលអូស្ត្រាលី ។​ពេលនោះមានមនុស្សជាច្រើននាក់បាន​ទៅចុះឈ្មោះ ប៉ុន្តែមិនទាន់បាន​បង់​ប្រាក់​ទេ​​មានតែមនុស្សប្រមាណ២០នាក់បាន​យកប្រាក់ទៅបង់ឲ្យជនសង្ស័យ ក្នុងម្នាក់ៗ ៣០០០ ទៅ ៦០០០ដុល្លារ​អាមេរិក ។

ប្រភពបន្តថា ក្រោយពីទទួលយក​ប្រាក់​ពីអតិថិជន ដែលបង់ហើយ ស្រាប់តែ​ជន​សង្ស័យបានរត់គេចខ្លួន ​មិនដឹងទៅរស់នៅ​ទីណា។ លុះពេលឪពុកស្លាប់ប៉ន្មានថ្ងៃ មុននេះបានឃើញមុខជនសង្ស័យមកចូលរួមពិធី​បុណ្យសពពេលនោះដើមបណ្តឹង បានជូន​ដំណឹង​ទៅសមត្ថកិច្ចឲ្យ​ឃាត់ខ្លួន​និងនាំ​ទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញដើម្បី​​​ចាត់ការតាមច្បាប់ ។

ព្រះរាជអាជ្ញាអមតុលាការកំពុងសាក​សួរ​ជនសង្ស័យនៅឡើយដោយមិនទាន់​សម្រេចបែបណាទេនៅឡើយ៕ ហេង នរិន្ទ្រ


ចែករំលែក៖