ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសាលាដំបូងរាជធានីភ្នំពេញ៖ ចៅក្រមចេញដីកាដោះលែងមន្ដ្រីអាដហុក៤រូប និងអគ្គលេខាធិការរងគ.ជ.ប

ចែករំលែក៖

ភ្នំពេញ៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បានថ្លែងប្រាប់ប្រភពព័ត៌មានក្នុងស្រុកថា ចៅក្រមចេញដីកាដោះលែងមន្ដ្រីអាដហុក៤រូប និងអគ្គលេខាធិការរងគ.ជ.ប មួយរូប ។

លោក​ នី​ សុខា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។ រីឯលោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក ស៊ុនឡាយបញ្ជាក់ថា «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែងអាចនឹងធ្វើឡើងនៅថ្ងៃនេះ» ។

ពួកគាត់ទាំង៥នាក់ត្រូវបានគេដោះលែងចេញពីពន្ធនាគារព្រៃស នៅវេលាម៉ោងប្រមាណ៧និង២០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ហើយបានជួបជុំគ្រួសារសាច់ញាតិប្រពន្ធកូនអស់ហើយផងដែរ ៕


ចែករំលែក៖