ខេត្តស្ទឹងត្រែង៖ ស្ពានអូរខ្សាច់នៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រជាពលបានធ្វើចរាចរណ៍ឆ្លងកាត់វិញហើយ បន្ទាប់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសាងសង់ថ្មីឡើងវិញ។ ពីព្រោះស្ពាននេះកាលពីចុងខែឧសភា ត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់អស់រយៈពេលមួយខែកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋលំបាកជិះទូកឆ្លងអូរ ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេស បានប្រឹងប្រែងពន្លឿនការសាងសង់ស្ពាននេះប្រើរយៈពេលជិត២០ថ្ងៃ ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឡើងវិញ ជៀសវាងការជិះទូកឆ្លងព្រែកនៅខែវស្សា នាំឲ្យចំណាយប្រាក់ និងជួបហានិភ័យផ្សេងៗដល់ពួកគាត់ ។
លោកប្រធានមន្ទីរបញ្ចាក់ថា ៖ ស្ពានអូរខ្សាច់ភូមិនេះ ត្រូវចំណាយថវិកាជាតិទាំងស្រុង ធ្វើការសាងសង់ថ្មីឲ្យធំទូលាយជាងស្ពានចាស់ ហើយជើងគ្រឹះសសរក្រោមបានចាក់បេតុង ដើម្បីបង្កើនភាពរឹងមាំកុំឲ្យទឹកហូរច្រោះដាច់ដូចស្ពានចាស់ទៀត ។ ចំពោះស្ពានឈើនេះឃើញថា វាមានគុណភាព បច្ចេកទេស ធ្វើជើងតាងដាក់បេតុងគ្រឹះ ហើយឈើក៏ល្អជាងមុនដែរ ហើយស្ពានមុនគឺមានអាយុកាល៦ទៅ៧ឆ្នាំហើយ អញ្ចឹងបានជួសជុលបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរ ធ្វើចរាចរណ៍បានល្អប្រសើរ ដើម្បីមកកាន់ខេត្តស្ទឹងត្រែង ។
លោក ទួន ថាំង មេឃុំ ភ្លុក បានបញ្ជាក់ថាៈ ផ្លូវ និងស្ពានមកកាន់តំបន់នេះមិនមែនសំរាប់តែប្រជាពលរដ្ឋឆ្លងកាត់នោះទេ នៅពេលមានបុណ្យទាន ឬនៅរដូវប្រាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងរមណីយដ្ឋានទេសចរណ៍បុប្ផាភ្លុកផងដែរ ។
លោកអះអាងថា ក្រោយពីស្ពាននេះត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់កាលពីយប់ថ្ងៃទី២៤ ខែឧសភាមក ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកគ្រប់យ៉ាង ទើបពេលនេះបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសាងសង់ថ្មីឡើងវិញ បានធំទូលាយជាងមុនស្រួលធ្វើដំណើរ ហើយប្រជាពលរដ្ឋយើងក៍ រួចផុតពីការព្រួយបារម្ភ គ្រាន់តែ ស្ពាននេះ ធ្វើហើយប្រជាពលរដ្ឋហ្នឹងអរមែនទែន ម្នាក់ៗអបអរសាទរបាននាំគ្នាទៅខេត្តទិញអីៗ ទី១វាជិតដល់រដូវចុះស្រែហើយ ប្រជាពលរដ្ឋគាត់ត្រូវការទិញសម្ភារៈ ប្រើប្រាស់ដូចជាស្អីផ្សេងៗហើយបើសិនធ្វើមិនទាន់វិញ វាពិបាកមែនទែនក្នុងការទៅមក នេះបានក្រុមការងារយើងខ្នះខ្នែងមែនទែនបានធ្វើ កុំអីតែទឹកឡើងបន្តិចទៀតមិនអាចធ្វើបានទេ។
លោកឡាយ វ៉ាន់ស៊ីន ប្រជាពលរដ្ឋនៅភូមិឃុំនេះដែរបានថ្លែងការសាទរ ចំពោះអាជ្ញាធរដែលបានរួមគ្នាដោះស្រាយទាន់ពេលវេលា ដឹងអីនៅខែវស្សានេះ ស្ពានធ្វើមិនកើត ប្រជាពលរដ្ឋនឹងជួបការលំបាកគ្រប់យ៉ាងជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា៖ ស្ពានអូរខ្សាច់ភូមិនេះកាលពីយប់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៧ត្រូវជំនន់ទឹកហូរកាត់ផ្តាច់ដោយសារវាមានសភាពចាស់ទ្រុឌទ្រោម បច្ចុប្បន្នបានសាងសង់ថ្មីមានប្រវែងជាង៤០ម៉ែត្រទទឹង៤.ម៉ែត្រកន្លះស្ថិតនៅក្នុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងមានចំងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ត ដែលជាស្ពានមួយតភ្ញាប់ផ្លូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ៕ មាស សុផាត