ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កាតារជួលមេធាវីជនជាតិស្វុីសប្តឹងប្រទេសដែលកាត់ផ្តាច់ទំនាក់ទំនងដោយទាមទារសំណង

ចែករំលែក៖

កាតារមិនព្រមចុះចាញ់ ប្រទេសនៅ តំបន់ឈូងសមុទ្រដែលបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយខ្លួនឡើយ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងការរស់នៅរបស់ពលរដ្ឋកាតារ។ នៅពេលនេះ គណៈកម្មាធិការសិទ្ធិមនុស្សកាតារបានសម្រេចជួលមេធាវីជនជាតិស្វុីស ប្តឹងប្រទេសទាំងនោះទាមទារ សំណង ដល់អ្នកដែលរងគ្រោះដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និង ការបរទេស។

លោក Ali bin Smaikh Al-Marri ​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកាតារបានឲ្យដឹងថា ក្រុមរបស់លោកនឹងមាន ​សកម្មភាពទៅតាមផ្លូវច្បាប់ប្រឆាំងប្រទេសសាវឌីអារ៉ាប៊ីបារ៉ែន អេហ្សុីបអារ៉ាប់រួម ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ។

សារព័ត៌មានAFP បានដកស្រង់សម្តី លោក Ali bin Smaikh Al-Marri មាន ប្រសាសន៍នៅក្នុងសន្និសីទកាសែត ថា«យើងនឹងសហការធ្វើសកម្មភាពទៅតាមផ្លូវច្បាប់ ទាមទារសំណងមកឲ្យជនរងគ្រោះដោយសារប្រទេសចំនួន ៣ខាងលើគឺសាវ ឌីអារ៉ាប៊ី បារ៉ែននិងអារ៉ាប់រួមត្រូវតែទទួល ខុសត្រូវសងសំណងដល់អ្នករងគ្រោះ »។ លោកបន្តទៀតថាពលរដ្ឋកាតារជាច្រើន រងផលប៉ះពាល់ មានលក្ខខណ្ឌគ្រប់គ្រាន់ទៅតាមផ្លូវច្បាប់ ដើម្បីទទួលបានសំណង។

លោក Ali bin Smaikh Al-Marri បន្តទៀតថា ប្រទេសទាំងនោះបានបិទ​ច្រកព្រំដែនដីគោកនិងព្រំដែនអាកាស លុបចោលជើងហោះហើរជាច្រើន ធ្វើឲ្យសកម្មភាពនាំចូលស្បៀងអាហារទៅកាន់កាតារជួបផលលំបាកយ៉ាងខ្លាំង ។មិនតែ ប៉ុណ្ណោះ ពលរដ្ឋកាតារដែលរស់នៅប្រទេសជិតខាងត្រូវបានបណ្តេញចេញ។

ពលរដ្ឋជាច្រើនដែលមានសញ្ជាតិ កាតារមានកម្មសិទ្ធិ អចលនទ្រព្យជាច្រើន និងក្រុមហ៊ុននៅក្នុងប្រទេស ទាំងនោះ។ ភាគច្រើនជនជាតិកាតារ មានផ្ទះ ២ឬ៣ ខ្នង នៅក្នុងប្រទេសសាវឌីអារ៉ាប៊ី។ ក្រៅពីនេះនៅមានពលរដ្ឋជាច្រើនទៀតរងផលប៉ះពាល់ដោយសារតែគូស្វាមីភរិយាជា ច្រើន មានសញ្ជាតិខុសគ្នា ហើយមានទ្រព្យសម្បត្តិទាំងនៅក្នុងប្រទេសកាតារនិង ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ធ្វើឲ្យពួកគេត្រូវប្រឈមនឹងបញ្ហាជាច្រើន ។ អ្នកទាំងនោះនឹងត្រូវទទួលបានសំណង សមស្រប ពីសកម្មភាពរបស់ប្រទេស ក្នុងតំបន់ដែលសម្រេចកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ។

ការប្តឹងបកវិញរបស់កាតារទាមទារ សំណង នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់ប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង។ កាតារមិនព្រមចុះចាញ់ងាយស្រួលបែបនេះឡើយ អាចតស៊ូដល់ទីបញ្ចប់ ។ ការដាក់គំនាបពីប្រទេសទាំង៤ និងមិនធ្វើ ឲ្យកាតារ ចុះញ៉ម នោះឡើយ ដោយសារ តែកាតារ មានជំនួយសេដ្ឋកិច្ចពីប្រទេស ផ្សេងទៀតជាច្រើន ដូចជាទួរគីជាដើម បើប្រទេសក្នុងតំបន់មិនផ្គត់ផ្គង់ឲ្យនោះ។

វិបត្តិរវាងកាតារ នឹងក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រ នៅមិនទាន់មានពន្លឺរកច្រកចេញនៅឡើយទេ។ ក្រុមប្រទេស៤ ដែលមានអារ៉ាប៊ីសាអ៊ូឌីត ជាអ្នកដឹកនាំនោះបានដាក់គំនាបទៅលើប្រទេសកាតារ ដោយបានផ្ញើលិខិតមួយ ដែលក្នុងលិខិត នោះ បានរៀបរាប់អំពីកាតព្វកិច្ច១៣ចំណុច ដែលកាតារ ត្រូវតែធ្វើដើម្បីបញ្ចប់វិបត្តិ។ ប៉ុន្តែតំណាងរដ្ឋាភិបាលកាតារ បានឆ្លើយ តបវិញថា វាជាការដាក់កំហិតដែលមិន សមហេតុសមផល និងហួសហេតុបំផុត មកលើកាតារ ដែលជាប្រទេសឯករាជ្យ។

លិខិត បានរ៉ាយរាប់លក្ខខណ្ឌទាំង១៣ ចំណុច ត្រូវបានគេធ្វើឲ្យបែកធ្លាយ ចែក ចាយពេញបណ្តាញសង្គម កាលពីថ្ងៃ សុក្រ។ គុយវ៉ែត ដែលជាអ្នកចេញមុខ ធ្វើអាជ្ញាកណ្តាល និងធ្វើលិខិតនេះ បាន សម្តែងការសោកស្តាយជាខ្លាំង បើទោះបី ជាមិនបាននិយាយដោយចំៗ ថាកាតារមានចេតនាធ្វើឲ្យបែកធ្លាយលិខិតនេះជាសា ធារណៈក៏ដោយ។

នៅក្នុង ចំណោមលក្ខខណ្ឌទាំង១៣ ចំណុច ដែលអារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេ ហ្ស៊ីប និងអេមៀរ៉ាត់ អារ៉ាប់រួម ទាមទារ ពីកាតារនោះ មានជាអាទិ៍ ដូចជាការទាមទារឲ្យកាតារបិទបញ្ចប់ទំនាក់ទំនងជាមួយអុីរ៉ង់ ហើយនិងបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera ។ ប្រទេសទាំង៤នេះ ក៏បានទាម ទារឲ្យកាតារ ធ្វើការប្រគល់សកម្មជន អ៊ិស្លាម មកពីក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម ក្រុមហេសបូឡាហ៍លីបង់ និងក្រុមភាតរ អ៊ិស្លាម ដែលកំពុងសំងំលាក់ខ្លួននៅ កាតារ។

លក្ខខណ្ឌ ទាំងអស់នោះ គឺកាតារត្រូវ តែធ្វើឲ្យបាន ក្នុងរយៈពេល១០ថ្ងៃបើពុំនោះទេអ្វីៗ នឹងចប់គ្នាត្រឹមនេះ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស អេមៀរ៉ាត់ អារ៉ាប់រួម។ រដ្ឋមន្ត្រីដដែល ក៏ បានទាមទារឲ្យសហរដ្ឋអាមេរិក និងសហ ភាពអឺរ៉ុប ជួយរៀបចំយន្តការ ដើម្បីឃ្លាំ មើលសកម្មភាពរបស់កាតារ ក្នុងករណី មានកិច្ចព្រមព្រៀងជានាគ្នាឡើងវិញ។

លុះមកដល់ថ្ងៃសៅរ៍ទី២៤ មិថុនា លោក Saif Ben Ahmed Al-Thani អ្នកនាំពាក្យរដ្ឋា ភិបាលកាតារ បានឆ្លើយតបវិញថា លក្ខខណ្ឌដែលគេដាក់កំហិតមកលើកាតារនោះ មិនមែនសំដៅប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ តែជាលក្ខខណ្ឌដែលគេដាក់ដើម្បីត្រួតត្រាលើអធិបតេយ្យភាពរបស់កាតារ។ អ្នក នាំពាក្យដដែល បានបន្តថា ការទាមទារ ចាប់បង្ខំកាតារ ទាំង១៣ចំណុចនេះ គឺជា រឿងហួសហេតុបំផុត។

ដូចគ្នានេះដែរ ឯកអគ្គរដ្ឋទូតកាតារ ប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងថា គេព្រួតគ្នាធ្វើបាបដាក់កំហិត ដាក់លក្ខ ខណ្ឌលើកាតារ ដោយសារតែគេចង់ដាក់ ទោសកាតារ ព្រោះកាតារ ហ៊ានតាំងខ្លួន ជាប្រទេសឯករាជ្យម្ចាស់ការ។ ដោយឡែក ស្ថានីយ៍ទូរទស្សន៍ Al Jazeera បានចេញ លិខិតផ្លូវការមួយ ថ្កោលទោសការទាមទារ របស់ប្រទេសទាំង៤ដែល បង្ខំកាតារឲ្យបិទ ស្ថានីយ៍នេះថា ជាការទាមទារ ដែលបំពានលើសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុង ការបញ្ចេញមតិ។ ស្ថានីយទូរទស្សន៍ Al Jazeera បានលើកឡើងថា គេចង់បំបិទ មាត់ បំបិទសំឡេងតវ៉ាប្រឆាំង នៅក្នុង តំបន់អារ៉ាប់ តាមរយៈការបិទស្ថានីយ៍ ទូរទស្សន៍ នេះ ដែលជាបណ្តាញព័ត៌មានធំបំផុតក្នុងតំបន់៕ ម៉ែវ សាធី

លោក Ali bin Smaikh Al-Marri ​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកាតារ


ចែករំលែក៖