ព័ត៌មានទាន់ហេតុការណ៍៖

គ្រូគុនល្បុក្កតោខេត្តសៀមរាប អំពាវនាវសុំអភិបាលខេត្ត ពិនិត្យលទ្ធភាពក្នុងការដោះស្រាយសំណង ក្រោយដីនិងផ្ទះក្លាយជាចំណីផ្លូវគ្មានសល់

ចែករំលែក៖

ភ្នំពេញ៖ លោក រស់ សេរី គ្រូបង្ហាត់គុនល្បុក្កតោក្នុងសាលាគុនល្បុក្កតោអង្គរមានរិទ្ធិ ខេត្តសៀមរាប បានត្អូញត្អែរថា ខ្លួនមានសមាជិកគ្រូសារ៦នាក់ ក្នុងបន្ទុក កំពុងជួបបញ្ជាខ្វះទីជម្រកជាង២ឆ្នាំកន្លងមកហើយ ដោយសារតែដីឡូត៍ និងផ្ទះរបស់លោក បានក្លាយជាចំណីផ្លូវអស់ទាំងស្រុង ស្ថិតក្នុងភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀបរាប ខេត្តសៀមរាប ។

លោកបន្តថា បច្ចុប្បន្ន លោកស្នាក់នៅក្នុងក្លិបកីឡាគុនល្បុក្កតោអង្គរមានរិទ្ធិ ខេត្តសៀមរាប ក្រោយពីអាជ្ញាធរពង្រីកផ្លូវ។ ការអំពាវនាវរបស់លោក រស់សេរី ធ្វើឡើង ក្នុងឱកាសដែលលោក បានក្លាយជាប្រធានសហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា អញ្ជើញឲ្យចូលរួមក្នុងមហាសន្និបាតវិសាមញ្ញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក លោករស់ សេរីបានបន្តថា ដីឡូត៍ និងផ្ទះរបស់លោកដែលក្លាយជាចំណីផ្លូវនោះ មានទទឹង៨ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ខណៈដែលផ្លូវនេះ ពីដើមឡើយ ជាផ្លូវរទេះគោ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីផ្លូវរទេះគោមកផ្លូវក្រាលគ្រួស និងចុងក្រោយនេះ អាជ្ញាធរបានពង្រីកផ្លូវទៅជាផ្លូវចាក់កៅស៊ូ ដែលមានទទឹង៣០ម៉ែត្រ ជាហេតុធ្វើឲ្យដី និងផ្ទះរបស់លោកចូលទៅក្នុងចំណីផ្លូវអស់ទាំងស្រុងតែម្តង។

លោកគ្រូ បន្តទៀតថា បន្ទាប់ពីផ្ទះបានរុះរើសចេញពីដីឡូត៍ខាងលើ ដែលប៉ះពាលដល់ការពង្រីកផ្លូវនោះ គឺលោក និងគ្រូសារពុំមានដីផ្សេងសម្រាប់សង់ផ្ទះនោះទេ។

លោកថា បច្ចុប្បន្នលោក និងក្រុមគ្រួសារលំបាកវេទនាខ្លាំងណាស់ រស់ជ្រកក្រោមដំបូលសាលាគុនល្បុក្កតោ ក្លិបអង្គរមានរិទ្ធិ ជាបណ្តុះអាសន្នមួយរយៈ ដោយគ្មានជញ្ជាំងបិទបាំង ម្យ៉ាងវិញទៀត ខែនេះគឺជារដូវភ្លៀងផង លោកបារម្ភក្លាចកូនតូចៗរបស់លោកកើតជំងឺគ្រុនចាញ់ ឬជំងឺឆ្លងផ្សេងៗ កាន់តែវេទនាបន្ថែមជាក់ពុំខាន់ឡើយ ។ លោក សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសលោកអភិបាលខេត្តសៀមរាប មេត្តាពិនិត្យលទ្ធភាពជួយដោះស្រាយដល់ក្រុមគ្រូសារលោក ឲ្យមានទីជម្រកមួយសមរម្យវិញផង។

លោក រស់ សេរីបានបញ្ជាក់បន្ថែមថា ដីឡូត៍ និងផ្ទះលោក រងផលប៉ះពាល់ពីការពង្រីកផ្លូវ មានប្លង់កម្មសិទ្ធិស្របច្បាប់កាន់កាប់ត្រឹមត្រូវតាំងពីឆ្នាំ២០០០មកម្ល៉េះ ដូច្នេះលោក និងក្រុមគ្រូសារមិនជំទាស់នឹងការអភិវឌ្ឍផ្លូវរដ្ឋទេ ប៉ុន្តែលោកសុំឲ្យមានការដោះស្រាយសំណងជូនលោកវិញ ដើម្បីមានប្រាក់យកទៅទិញដី សង់ផ្ទះសម្រាប់ឲ្យកូនចៅស្នាក់ឡើងវិញ៕ សារីម


ចែករំលែក៖