ខេត្តបាត់ដំបង៖ ប្រជានេសាទនៅបឹងទន្លេសាបក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កញ្ញារិទ្ធ ជាប់ពាក់ព័ន្ធនឹងអ្នកកាសែត ដែលមាន៩អង្គភាព និងសមត្ថកិច្ច អង្គការមួយចំនួន មាន៨អង្គភាពនោះផងដែរ បានរងការចោទប្រកាន់ថា ធ្វើសកម្មភាពអុកឡុក និងគេដាក់ការសង្ស័យដើរគាប់យកប្រាក់ពីក្រុមអ្នកប្រជានេសាទនៅក្នុងឃុំកោះជីវាំង។
នៅក្នុងទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ ដែលបានបង្ហោះកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ពីម្សិលមិញនូវអត្តន័យខ្លឹមសារថា លោកទើបទទួលបណ្តឹងពីប្រជាជនក្នុងឃុំកោះជីវាំង ពីក្រុមជើងកាងដើរអុកឡុកប្រជានេសាទ។ លោកថា បើឈប់បានក៏ឈប់ទៅ ទាន់នៅមានពេល ។ ក្នុងទំព័រហ្វេសប៊ុកលោករដ្ឋមន្រ្តីក្រសួងព័ត៌មានដដែល ក៏បានបង្ហាញពីពាក្បណ្តឹងរៀបរាប់ពីកាសែត៩អង្គភាព និងមានអង្គភាពសមត្ថកិច្ច អង្គការ ៨អង្គភាពនោះដែរ ជាប់ពាក់ព័ន្ធ រួមមានៈ យោធាប្រចាំទិសទន្លេសាប, សង្កាត់រដ្ឋបាល កំពង់ប្រហុក, បរិស្ថាន, អធិការកិច្ច(៥ខេត្ត) ជលផល, ប្រធានសហព័ន្ធសហគមន៍ និងអង្គការអភិរក្សធនធានធម្មជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡុង សុភឿន អភិបាលស្រុកឯកភ្នំបានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឱ្យដឹងថា ពិតណាស់ហើយកន្លងមកមានអ្នកកាសែតមួយចំនួនតូច គាត់ធ្វើការងារខុសតួនាទី ទៅចុះឆែកឆេរត្រួតពិនិត្យឆែកឆេរកន្លែងប្រជាពលរដ្ឋអ្នកនេសាទ។
តួនាទីគាត់គ្រាន់តែអ្នកយកព័ត៌មាន និងចូលរួមសហការរាយការមកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដើម្បីចុះទៅបង្រ្កាប បើឃើញសកម្មភាពនេសាទខុសច្បាប់ជាដើមនោះ។ លោកប្រាប់ទៀតថា ប៉ុន្តែកន្លងមកអាជ្ញាធរស្រុកក៏ធ្លាប់ចុះទៅអប់រំណែនាំដល់អ្នកកាសែតទាំងនោះរួចហើយផងដែរ។
លោកអភិបាលស្រុកបានប្រាប់ឱ្យដឹងទៀតថា ដោយឡែក សម្រាប់សមត្ថកិច្ចឯណោះវិញ លោកក៏ទទួលស្គាល់ថា មានសមត្ថកិច្ច មួយចំនួនតូចបានចុះមកក្នុងបេសកម្មការងារនៅទន្លេសាប មិនបានចូលរួមសហការការងារជាមួយអាជ្ញាធរមូលដ្ឋាននោះឡើយ ដូច្នេះទើបធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។
លោកពិនិត្យមើលកន្លងមកសមត្ថកិច្ចដែលឈរជើងនៅក្នុងតំបន់នោះផ្ទាល់មានតិចតួចណាស់បានបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ ភាគច្រើនបង្កថ្នាំងថ្នាក់ខ្លាំង គឺសមត្ថកិច្ចដែលចុះបេសកម្មមកឆក់ឱកាសមួយភ្លែតៗ ប្រើប្រាស់ក្នុងរូបភាពចុះបង្រ្កាប ដូចចុះមកយកលុយពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាតំបន់ជាប់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់នោះ បានចាប់យកការប្រកបមុខរបរជាអ្នកនេសាទត្រីដើម្បីចិញ្ចឹមជីវិត ។ ក៏ប៉ុន្តែនៅឃុំកោះជីវាំង តែងតែមានសេចក្តីរាយការណ៍ឱ្យដឹងពីករណីកើតឡើងនូវបទល្មើសនេសាទខុសច្បាប់ ផងដែរ៕ សំ វិច្ឆិកា