ខេត្តបាត់ដំបង៖ មន្រ្តីកាំកុងត្រូលខ្មែរ ប្រចាំច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនឹងច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការបង្រ្កាបផលិតផលម្ហូបអាហារហាមឃាត់ខុសច្បាប់សង្ស័យផលិតផលម្ហូបអាហារនោះខូចគុណភាពរួមមានៈ ឆ្អឹងមាន់ សាច់មាន់ និង សាច់ជ្រូក ខ្លាញ់ជ្រូក ប្រហែលជាង៥០០គីឡូក្រាម ដឹកតាមរទះកម្មករ នាំពីផ្សារថៃចូលមកស្រុកសំពៅលូន។ការបង្រ្កាបបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។
សាច់មាន់ ឆ្អឹងមាន់ សាច់ជ្រូកនិងខ្លាញ់ជ្រូកទាំងនោះ នៅព្រឹកថ្ងៃដដែលត្រូវបានមន្រ្តីកាំកុងត្រូលច្រកភ្នំដីធ្វើការដុតកំទេចចោលនៅខាងមុខច្រកនោះតែម្តងដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋ។
ប៉ុន្តែការបង្រ្កាបផលិតផលម្ហូបអាហារហាមឃាត់ខុសច្បាប់ខាងលើពីសំណាក់មន្រ្តីជំនាញនោះ បែរជារងការចោទប្រកាន់ពីប្រជាពលរដ្ឋម្ចាស់ផលិតផលម្ហូបអាហារទាំងនោះទៅវិញថាកន្លងមកពួកគាត់រកស៊ីនាំយកផលិតផលសាច់ជ្រូកខ្លាញ់ជ្រូកមកធ្វើសាច់ក្រកជាយូរមកហើយគ្មានការចាប់បង្រ្កាបនោះទេ។ ពួកគាត់បានបង់ប្រាក់ឲ្យមន្រ្តីជំនាញកាំកុងត្រូល ដែលឈរជើងនៅខាងមុខច្រកមានមន្រ្តីប្រុស ស្រី២នាក់ ប្រចាំការមាត់ច្រក ក្នុងមួយរទះបង់១ម៉ឺនរៀល និងបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតសរុប១រទះជាង២ម៉ឺនរៀល។
ប្រជាពលរដ្ឋដដែលឲ្យដឹងទៀតថា មិនដឹងថាថ្ងៃនេះមានបញ្ហាអ្វីនោះទេបែរជាមន្រ្តីកាំកុងត្រូលចាប់បង្រ្កាបសាច់ជ្រូក ខ្លាញ់ជ្រូក និងឆ្អឹងមាន់សាច់មាន់ពួកគាត់បែបនោះទៅវិញ ហើយមិនបានពន្យល់ណែនាំអ្វីទាល់តែសោះពាក់ព័ន្ធនិងមូលហេតុនៃការង្រ្កាបនោះ។
សាច់ជ្រូកខ្លាញ់ជ្រូកដែលនាំមកពីផ្សារថៃមានការត្រួតពិនិត្យអនុញ្ញាតត្រឹមត្រូវឲ្យដាក់លក់នៅក្នុងផ្សារថៃ ហើយគាត់ទិញយកមកធ្វើសាច់ក្រកជាប្រចាំ ដឹកដាក់ខ្លាចជ្រូកពីលើសាច់ជ្រូកពីក្រោម គ្មានដឹកបង្កប់ជាមួយទំនិញអ្វីនោះឡើយ មិនដែលមានបញ្ហាអ្វីនោះទេ ។ ការបង្រ្កាបនោះបានបង្កប៉ះពាល់ជីវភាពរបស់គាត់ជាខ្លាំង។ តម្លៃសាច់ជ្រូកខ្លាញ់ជ្រូករងការបង្រ្កាបនោះមានតម្លៃជិត១ពាន់ដូល្លា។
ប្រាក់ទិញសាច់ជ្រូក និងខ្លាញ់ជ្រូក ទាំងនោះ ពួកគាត់បានទៅចងការប្រាក់ពីគេ ដើម្បីទិញធ្វើសាច់ក្រក។ បើសិនបង្រ្កាបបែបនោះតើគាត់មានប្រាក់ឯណាទៅសងថ្លៃខ្ចីប្រាក់គេនោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើពីម្ចាស់ផលិតផល ម្ហូបអាហារ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា លោកទទួលស្គាល់ថាការយកលុយនោះគឺជាការយកលុយទៅលើមុខទំនិញនោះទេមានន័យថា មិនមែនមន្រ្តីជំនាញកាំកុងត្រូលយកលុយឲ្យមានការនាំចូលផលិតផលម្ហូបអាហារហាមឃាត់ខុសច្បាប់នោះឡើយ។
កន្លងមកផលិតផលម្ហូបអាហារហាមឃាត់ខុសច្បាប់ខាងលើនោះត្រូវបានដឹកបង្កប់តាមរទះជាមួយនិងទំនិញផ្សេងៗ។
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា មន្រ្តីជំនាញត្រួតពិនិត្យឃើញដឹកបង្កប់នៅបាតរទេះទើបមន្រ្តីជំនាញរកឃើញបង្រ្កាបតែម្តង៕ សំ វិច្ឆកា