ព័ត៌មានទាន់ហេតុការណ៍៖

ករណីជួញដូរគ្រឿងញៀនជាង២គីឡូក្រាម និងក្លែងដុល្លារជិត៦ម៉ឺនដុល្លារ ៖ តុលាការកំពូលសវនាការថ្ងៃទី៣កក្កដា

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងជួញដូរគ្រឿងញៀនជាង២គីឡូក្រាមនិងក្លែងប្រាក់ដុល្លារក្លែងក្លាយជិត៦ម៉ឺនដុល្លារ នឹងត្រូវតុលាការកំពូលបើកសវនាការ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការកំពូល ។

សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ធ្លាប់សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ វង្ស សុផន អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារ២៩ឆ្នាំ និងពិន័យ៧០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ និងបទរក្សាទុកអាវុធខុសច្បាប់។

ផ្តន្ទាទោសឈ្មោះ នូ ប៊ុនឡុង អាយុ៤៤ឆ្នាំ និងឈ្មោះ ស៊ូ លាង អាយុ៥៨ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ២៥ឆ្នាំ និងពិន័យ៤០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនជាប់ចោទទាំង៣នាក់ បានប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៩ នៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

គួររំលឹកថា នៅថៃ្ងកើតហេតុកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿង ញៀន ក្រសួងមហាផ្ទៃ បានប្រើវិធានការញុះញង់ ដោយទាក់ទងរកទិញគ្រឿងញៀន។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានកម្លាំងបង្កប់ណាត់ជួបដោះដូរគ្រឿងញៀន និងចាប់ពួកគេ បានដោយឆែកឃើញគ្រឿងញៀន៣សុង ក្នុងរថយន្ត និងកាំភ្លើង k-59 មួយដើម។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពួកគេ ហើយបាននាំទៅផ្ទះឈ្មោះ វង្ស សុផន នៅខណ្ឌឫស្សីកែវ ឆែកឃើញថ្នាំញៀន១០សុងទៀតប្រភេទ W.Y ជាង២គីឡូក្រាម និងវត្ថុមួយចំនួនទៀត ៕ ចេស្តា


ចែករំលែក៖