ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ សង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដែលប្រើប្រាស់នូវធនធាន និងមូលនិធិសង្កាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងថា ពិធីនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍតាមបែប វិមជ្ឈការនៅថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ថវិកាជូនសង្កាត់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំដៅឆ្លើយតបនឹងបញ្ហា ក៏ដូចជាតម្រូវការផ្ទាល់របស់ប្រជាពលរដ្ឋខ្លួន។

លោក សុខ ពេញវុធ បានថ្លៃង អំពីលទ្ធផលគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០១៦ ដែលសម្រេចបាន ក្នុងខណ្ឌដូនពេញ តាមរយៈការដេញថ្លៃគម្រោង ដូចខាងក្រោម៖

-សង្កាត់ផ្សារថ្មីទី១ បានសាងសង់លូដោះទឹក១ខែ្សប្រវែង ១៦៥ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ២៩,៧លានរៀល។

-សង្កាត់ផ្សារថ្មីទី២ បានសាងសង់លូកាត់ផ្លូវប្រវែង៥៧ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ និងស្តារលូប្រវែង ៦០០ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៣៣,៣៤លានរៀល។

-សង្កាត់ផ្សារថ្មីទ៣ បានសាងសង់លូមូលដោះទឹក ២ខ្សែ សរុបប្រវែង២៥៧ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៣៤,១៩លានរៀល។

-សង្កាត់បឹងរាំង បានសាងសង់លូរំដោះទឹកមូល ១កន្លែង មុខកាត់ ០,៨ម៉ែត្រ ប្រវែង ១៧២ម៉ែត្រ ក្នុងភូមិ១ ថវិកាដែលបានអនុវត្តចំនួន ៣៥,៦១លានរៀល។

-សង្កាត់ផ្សារកណ្តាលទី១ បានសាងសង់លូរំដោះទឹក ២ខ្សែ សរុបប្រវែង ១៦៨ម៉ែត្រ និងក្រាលផ្លូវបេតុងប្រវែង ៩០ម៉ែត្រ ទទឹង ៣ម៉ែត្រ កំរាស់ ១២០មីលីម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន៣៦,៤២លានរៀល។

-សង្កាត់ផ្សារកណ្តាលទី២ បានសាងសង់តបណ្តាញអគ្គិសនីចំនួន ៣២គោម ថវិកាដែលបានអនុវត្តចំនួន ៣១,៦៨លានរៀល។

-សង្កាត់ជ័យជំនះ បានដាក់លូរំដោះទឹកប្រវែង២៥ម៉ែត្រ មុខកាត់០,៦ម៉ែត្រ និងក្រាលផ្លូវបេតុងគ្មានសសៃដែក ២ខ្សែ សរុបប្រវែង១២១ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៣០,៧៩លានរៀល។

-សង្កាត់ចតុមុខ បានសាងសង់លូរំដោះទឹកមូល សរុបប្រវែង ១៤៧ម៉ែត្រ មុខកាត់ ០,៨ម៉ែត្រ ក្នុងភូមិ៤ និងភូមិ៥ ថវិកាអនុវត្តចំនួន ២៩,៩លានរៀល។

-សង្កាត់ផ្សារចាស់ បានសាងសង់លូដោះទឹកមូលប្រវែង៥០ម៉ែត្រ មុខកាត់ ០,៥ម៉ែត្រ និងក្រាលការឺឡាប្រវែង ១៥០ម៉ែត្រ ទទឹង ៤,២ម៉ែត្រ ថវិកាអនុវត្តចំនួន ៣១,៧៥លានរៀល ។

-សង្កាត់ស្រះចក បានសាងសង់ផ្លូវចាក់បេតុងគ្មានសសៃដែកនៅក្នុងភូម៣ និងភូមិ១៧ ប្រវែង៤២០ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៤៧,៣០លានរៀល។

-សង្កាត់វត្តភ្នំ បានសាងសង់លូដោះទឹក ១ខ្សែ ប្រវែង១៥០ម៉ែត្រ និងចាក់ផ្លូវបេតុង ១៤០ម៉ែត្រ ក្នុងភូមិ១០ ថវិកាដែលបានអនុវត្តចំនួន ៣៩,៥០លានរៀល។

តាយរយៈលទ្ធផលខាងលើ សង្កាត់នីមួយៗបានយកចិត្តទុកដាក់ក្នុងការតាមដានការអនុវត្តគម្រោងដែលអនុវត្តដោយក្រុមហ៊ុនអ្នកទទួលការ ដើម្បីធានាឱ្យស្របតាមគុណភាព និងបច្ចេកទេសដែលបានកំណត់ ធានារក្សានូវការប្រើប្រាស់ថវិកាសង្កាត់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះដែរ លោកអភិបាលខណ្ឌ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបាន និងកំពុងជួយគាំទ្រដល់ក្រុមប្រឹក្សាសង្កាត់ក្នុងពេលកន្លងមក ហើយសំណូមពរឲ្យបន្តការគាំទ្រតទៅទៀត ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ និងសម្រេចលទ្ធផលដ៏ល្អប្រសើរបំផុត។

លទ្ធផលជាក់ស្តែងគឺក្រោយពីមានការបោះឆ្នោត ឃុំ/សង្កាត់ ឃើញថា នៅថ្នាក់សង្កាត់មានការប្រែប្រួលធំធេងណាស់ពោលគឺ៖ មានការចូលរួមរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានសង្កាត់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន។

លោកអភិបាល ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលទើបនឹងបានធ្វើពិធីប្រកាសតែងតាំងនាពេលថ្មីៗកន្លងទៅនេះ សូមជួបប្រទះតែនឹង មហាវិបុលសុខ សិរីសួស្តី គ្រប់ពេលវេលា ៕ស តារា


ចែករំលែក៖