ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកណ្តាលស្ទឹង និងនគរបាលប៉ុស្តិ៍រដ្ឋបាលបារគូ ចុះធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ឆែកឆេរលំនៅឋានដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៥កញ្ចប់តូច-២កញ្ចប់ធំ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ឡុង សុភក្ត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តមានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ទី២-ឈ្មោះ អ៊ុំ សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស៊ីឈ្នួលកាប់ជ្រូក មានទីលំនៅភូមិអូរអណ្ដូង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ។ ចំណែកឯបក្ខពួកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ អៃ គឹមស្រេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស៊ីឆ្នួលកាប់ជ្រូក មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការឆែកឆេរលំនៅឋានជនសង្ស័យតាមការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដកហូតបានវត្ថុតាងពាក់ព័ន្ធរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៥កញ្ចប់តូច-២កញ្ចប់ធំ ,ម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល1U-5235 ម៉ូតូម៉ាកហុងដាXR ពណ៌ក្រហម គ្មានស្លាកលេខ ,ប្រាក់រៀលចំនួន១២០០០រៀល ,សម្ភារៈសំរាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថានៅក្នុងមូលដ្ឋានឃុំបារគូ ស្រុកកណ្តាលស្ទឹង មានមុខសញ្ញាធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់រួចមក សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល បានសហការជាមួយនគរបាលស្រុកកណ្តាលស្ទឹង និងនគរបាលប៉ុស្តិ៍រដ្ឋបាលបារគូ ចុះធ្វើការស្រាវជ្រាវតាមជំនាញ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានសុំការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឆែកឆេរលំនៅឋានជនសង្ស័យ ដកហូតបានវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ