ខេត្តត្បូងឃ្មុំ: លោកឧត្តមសេនីយស្នងការ បែន រត្ន័ ៖ គ្មានខ្សែ គ្មានបក្ខពួក អាងអំណាចនោះទេ អ្នកធ្វើខុសច្បាប់ ត្រូវតែចាប់នាំខ្លួនបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់..!
អំពើហិង្សារដ៏សាហាវមួយបានផ្ទុះឡើងបង្កឡើងដោយបុគ្គលិកផលិត បំពង់ទីបជរ័ របស់ក្រុមហ៊ុន LBN របស់លោកឧកញ៉ាម្នាក់នៅត្រពាំងផ្លុង បានលើកគ្នាច្រើននាក់មកវាយ និងចាប់មន្រ្តីសារធារណការខេត្តត្បូងឃ្មុំចំនួន២នាក់ យកទៅវាយនៅក្នងស្នាក់ការក្រុមហ៊ុនរបស់ខ្លួនបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលវាយនៅកន្លែងកើតហេតុមិនទាន់អស់ចិត្ត ហើយករណីហិង្សានេះ ត្រូវបានប្រភពពីសមត្ថកិច្ចអះអាងប្រាប់ថា ផ្តើមចេញពីរឿងឈ្លោះប្រកែកគ្នារឿងបើកបររថយន្តស្ទះផ្លូវ ហើយក្រុមមន្ត្រីសាធារណការ ដែលកំពុងស្ថាបនាផ្លូវ ជាអ្នកបង្កហិង្សា(វាយ)ទៅលើបុគ្គលិកក្រុមហ៊ុន LBN (អ្នកបើករថយន្តឲ្យក្រុមហ៊ុន)មុន ទើបបុគ្គលិកក្រុមហ៊ុនដទៃទៀត លើកគ្នាមកសងសឹក របៀបមនុស្សរស់នៅក្នុងសង្គមខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់ និងអ្នកគ្រប់គ្រងខ្វះការអប់រំណែនាំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១,០០នាទី ព្រឹក ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើបណ្តោយផ្លូវលេខ៧២ ក្នុងភូមិ ព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ភាគីមន្រ្តីសាធារណការខេត្ត ដែលរងរបួសមាន ឈ្មោះ ឡៅ គឹមឡុង ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ ពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមន្រ្តីមួយរូបទៀត មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។ ចំណែកភាគីខាងបុគ្គលិកក្រុមហ៊ុន LBN ដែលត្រូវចាប់ខ្លួនបានម្នាក់នោះមាន ឈ្មោះ ប៉ុន ពង្សណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មន្រ្តីដដែលនេះបានឲ្យដឹងថា ហិង្សានេះផ្តើមឡើងដោយរឿងស្ទះផ្លូវគឺខាងភាគីមន្រ្តីសាធារណៈកំពុងធ្វើផ្លូវហើយបុគ្គលិកក្រុមហ៊ុន LBN បានបើករថយន្តមកបង្កឲ្យស្ទះ ក៏កើតទៅជារឿងឈ្លោះប្រកែកគ្នា ខាងមន្រ្តីសាធារណការបាន វាយទៅលើបុគ្គលិកក្រុមហ៊ុនមុន ហើយក៏មានការឃាត់បំបែកចេញដោយអ្នកនៅទីនោះមួយសារហើយដែរ លុះបន្តិចក្រោយមក ខាងបុគ្គលិកក្រុមហ៊ុន ក៏បានទៅហៅគ្នាជាច្រើនអ្នកមកវាយដំ ទាត់ធាក់ទៅលើខាងមន្រ្តីសាធារណការ អាចជាការសងសឹក មិនត្រឹមតែវាយនៅនឹងកន្លែងកើតហេតុមិនអស់ចិត្ត ថែមទាំងយកកាំភ្លើងភ្ជង់ចាប់ឡើងរថយន្តយកទៅវាយនៅក្នុងស្នាក់ការក្រុមហ៊ុនបន្ថែមទៀតផង ដែលសកម្មភាពនេះ វាព្រៃផ្សៃមិនអាចទទួលយកបាន និងខ្វះការយល់ដឹងពីច្បាប់ទម្លាប់របស់ប្រទេស។
ទោះរវល់ដោយបញ្ហាសុខភាព និងកំពុងពនិត្យព្យាបាលនៅប្រទេសថៃ យ៉ាងណាក៏ដោយ ក៏លោកឧត្តសេនីយន៍ស្នងការ បែន រត្ន័ បានបញ្ជាក់ឲ្យដឹងតាមសារអេឡិចត្រូនិកប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា លោកបានដាក់បញ្ជាណែនាំ ទៅលោកស្នងការស្តីទី ធ្វើយ៉ាងណាត្រូវតែរកយុត្តិធម៌ជូនដល់ជនរងគ្រោះ និងចាប់ជនដៃដល់យកមកផ្តន្ទាទោសឲ្យបាន ដោយមិនលើកលែងនោះទេ ខុស គឺខុស ត្រូវធ្វើតាមច្បាប់ ប្រទេស គ្មានអាងអំណាចខ្សែទុយយោ ទឹកលុយស្អីនោះទេ ត្រូវតែបញ្ជូនទៅតុលាការ៕ វណ្ណៈ