ព័ត៌មានទាន់ហេតុការណ៍៖

ពុំឃើញមុខសញ្ញា និង វត្ថុតាងដែលគួរឲ្យសង្ស័យករណីឆែកឆេរភូមិគ្រឹះមួយកន្លែងនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាលៈ កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ឆែកឆេរភូមិគ្រឹះមួយកន្លែង តាមបណ្តោយផ្លូវលេខ២១A ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រតិបត្តិការនេះត្រូវបានដកថយទៅវិញ នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ បន្ទាប់ពីម្ចាស់ភូមិគ្រឹះបានមកដល់ហើយចាក់សោគ្រប់បន្ទប់ឲ្យកម្លាំងសមត្ថកិច្ចចូលឆែកឆេរ ដោយពុំបានឃើញមុខសញ្ញា និង វត្ថុតាងដែលគួរឲ្យសង្ស័យឡើយនោះ ។ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។

ប្រភពបានបន្តទៀតថា គ្រាដែលកម្លាំងសមត្ថកិច្ចឡោមព័ទ្ធនោះ ម្ចាស់ផ្ទះមិននៅផ្ទះទេ ដោយចាក់សោទាំងទ្វារផ្ទះ និង ទ្វាររបង លុះក្រោយពីស្រាវជ្រាវរកបានលេខទូរស័ព្ទម្ចាស់ផ្ទះ ក៏បានទំនាក់ទំនងហៅម្ចាស់ផ្ទះឲ្យមកចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីឲ្យគាត់មកចាក់សោទ្វារផ្ទះដើម្បីរុករកមុខសញ្ញានិងវត្ថុតាង ។ ប៉ុន្តែក្រោយឆែកឆេរហើយ ពុំឃើញអ្វីដែលគួរឲ្យសង្ស័យទាល់តែសោះ។

ពាក់ព័ន្ធនិងករណីនេះលោក ទិត សុចិត្រា ព្រះរាជអាជ្ញារងខេត្តកណ្តាល បានប្រាប់អ្នកសារព័ត៌មាន ថា: លទ្ធផលចុះឆែកឆេរផ្ទះសង្សយ័ការស្នាក់នៅរបស់ជនជាតិចិនប្រើប្រាស់ប្រពន្ធ័Internet ស្វែងរកផលប្រយោជន៍គឺទាំងវត្ថុតាងនិងតំរុយបទល្មើសគ្មានទេ ។

លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា ដោយមានសុំគោលការណ៍ថាផ្ទះខាងលើនោះមានបទល្មើសពាក់ពន្ធ័ទៅនិងការស្នាក់នៅរបស់ជនជាតិចិនមួយចំនួនសង្សយ័ប្រើប្រពន្ធព៍តមានវិទ្យាមួយចំនួនដើម្បីស្វែងរកផលប្រយោជន៍ ហើយគេសុំគោលការឆែកឆេរ និងសុំអោយព្រះរាជអាជ្ញាមូលដ្ឋានសម្របសម្រួលដើម្បីឆែកឆេរ ហើយចំពោះម្ចាស់ផ្ទះក៍ឯកភាពអោយយើងឆែកឆេរដែរ បន្ទាប់ពីឆែកឆេររួចគឺទាំងវត្ថុតាងនិងតំរុយបទល្មើសគ្មានទាំងអស់ក៍អោយកម្លាំងដកទៅ។

ម្ចាស់ផ្ទះសង្ស័យ ឈ្មោះ ម៉ារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕ស្អាងជ័យ


ចែករំលែក៖