ខេត្តកំពង់ឆ្នាំង៖ របង និង ក្លោងទ្វាររបងការិយាល័យក្សេត្រសាស្ត្រ កែលំអដីកសិកម្មខេត្ត បានរងការខូចខាតបាក់ខ្ទេច បន្ទាប់ពីរថយន្តដឹកផ្លែឈើមួយគ្រឿងបែកកង់ជ្រុលទៅបុកពេញមួយទំហឹង បណ្តាលឲ្យរបួសអ្នកបើកបរម្នាក់ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទាបភ្លឺ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា រថយន្តដែលបើកបុកក្លោងទ្វានិង របងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ២Y-៤២០៥ ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ហួរ សួរ អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តនេះបានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានដឹកផ្លែឈើពេញរថយន្តផងដែរ និង បើកបរក្នុងល្បឿនលឿន នៅពេលមដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបែកកង់មុខផ្នែកខាងឆ្វេងបណ្តាលឲ្យរថយន្តជ្រុលទៅបុកក្លោងទ្វារ និង របង ការិយាល័យក្សេត្រសាស្ត្រ កែលំអដីកសិកម្ម នៃមន្ទីរកសិកម្មខេត្តបាក់រលំរាបដល់ដីតែម្តងចំពោះរថយន្តបានខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។ ដោយឡែកអ្នកបើកបរ បានរងរបួសដឹកយកទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវបានរិះគន់ថា ទួររីសដែលបង្កហេតុនេះ មានរថយន្តជាច្រើនដែលមានសភាពប្រហាក់ប្រហែលគ្នា គឺកែច្នៃកង់ក្រោយនៃរថយន្តដើម្បីដឹក អោយបានច្រើន និង ដឹកសំពីងសំពោង ហើយបើកលឿនទៀតផង ករណីនេះពុំដែលឃើញសមត្ថកិច្ច ជំនាញឃាត់ និង អនុវត្តផ្លូវច្បាប់នោះទេ ដែលរថយន្តប្រភេទនេះបើកបរពីព្រំដែន រហូតដល់រាជធានីភ្នំពេញ ។ រថយន្តដែលកែច្នៃខុសលក្ខណបច្ចេកទេសនេះ បានបង្កហានិភ័យខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវ ដូចជាករណីខាងលើនេះជាដើម នេះសំណាងដែលកន្លែងគ្រោះថ្នាក់ជាកន្លែងស្ងាត់ បើពុំដូច្នេះទេ មិនដឹងជាប៉ុន្មានអ្នកនោះទេ ដែលរងគ្រោះថ្នាក់ ៕ ចន្ថា