ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលធ្លាយចំហាយឧស្ម័នអាម៉ូញាក់ផលិតទឹកកកកជាលើកទី២ នៅសង្កាត់ចាក់អង្រែ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែររោងសិប្បកម្មផលិតទឹកកកមួយកន្លែងនាំគ្នាភ្ញាក់ផ្អើលនិងនាំគ្នាយកដៃបិទច្រមុះមិនស្រូបយកក្លិនស្អុយពីការធ្លាយចំហាយឧស្ម័នអាម៉ូញាក់ និងខ្លះទៀត បានទូរស័ព្ទហៅក្រុមរថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ព្រោះខ្លាចឧប្បត្តិហេតុ នេះបង្កជាអគ្គិភ័យកើតឡើង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៧ នៅ ក្នុងសិប្បកម្មផលិត ទឹកកក ចំណុច ផ្លូវលេខ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលនេះជាលើកទី២ហើយ បន្ទាប់ពី៣ខែមុន នៅរោងសិប្បកម្មផលិតទឹកកកមួយកន្លែងនេះធ្លាប់កើតមានបែបនេះម្តងហើយ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នៅសុខៗស្រាប់តែមានធ្លាយចំហាយ ឧស្ម័នអាម៉ូញាក់នៅចំណុចសិប្បកម្មផលិតទឹកកកខាងលើបណ្ដាលឲ្យមានក្លិនស្អុយសាយភាយចំហាយ ឧស្ម័នអាម៉ូញ៉ាក់ចេញមកខាងក្រៅ ប៉ះពាល់ដល់សុខភាព និងការដកដង្ហើមរបស់ ប្រជាពលរដ្ឋ ជិតខាង និងអ្នកធ្វើដំណើរ ដោយមានអការៈ ផ្សាភ្នែក និងថប់ដង្ហើមខ្លាំងណាស់ ។ បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើង ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ហើយភ្លាមនោះគេឃើញ លោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងទៅដល់ធ្វើអន្តរាគមន៍ ដោយហៅរថយន្ត ពន្លត់អគ្គីភ័យ ចំនួន៧គ្រឿងឲ្យជួយបាញ់ពន្លត់និងចំហាយកុំឲ្យជះក្លិនខ្លាំង តែបាន ប្រើប្រាស់ ទឹកអស់ចំនួន២គ្រឿង ប៉ុណ្ណោះ ខណៈម្ចាស់សិប្បកម្មរត់គេចខ្លួនបាត់។

លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានជនរងគ្រោះដួលសន្លប់នោះទេ ហើយនេះជាលើកទី២ហើយដែលសិប្បកម្មផលិតទឹកកកមួយកន្លែងនេះកើតមានឧប្បត្តិហេតុបែបនេះ ហើយត្រូវអាជ្ញាធរបិទលែងឲ្យធ្វើអាជីវកម្មដែរនោះ។

លោកអភិបាលរងបន្តថា មិនដឹងថាម្ចាស់សិប្បកម្មទៅសុំការអន្តរាគមន៍ពីថ្នាក់លើយ៉ាង ណានោះទេ បានជាក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលអនុញ្ញាតឲ្យបើកធ្វើអាជីវកម្មឡើងវិញ បង្កឲ្យមានធា្លយចំហាយឧស្ម័នអាម៉ូញាក់ផ្អើលជាថ្មីម្តងទៀត ។

យ៉ាងណាពេលនេះទីតាំងកើតហេតុខាងលើនេះនឹងត្រូវបានអាជ្ញាធរមូលដ្ឋានបិទទ្វារ ឈប់អោយប្រកបអាជីវកម្មទៀតហើយ ព្រោះម្ចាស់ អាជីវកម្ម គ្មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការផលិតទឹកកកក ៕ តាឡឹម


ចែករំលែក៖