ព័ត៌មានទាន់ហេតុការណ៍៖

(Update): ឃាតកចាក់សម្លាប់បុគ្គលិកណេតក្រុងតាខ្មៅព្រោះតែចាញ់លុយច្រើន ប្លន់យកលុយវិញ

ចែករំលែក៖

 

ខេត្តសៀមរាប៖ ឃាតកចាក់សម្លាប់បុគ្គលិកអុីនធើរណែតនៅក្រុងតាខ្មៅត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចំណតរថយន្តរិទ្ធិមុន្នី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប គ្រាដែលឃាតកររូបនេះគេចខ្លួនពីក្រុងតាខ្មៅទៅកាន់ខេត្តសៀមរាប។

មន្ត្រីការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ឃាតកដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនឈ្មោះ អុឹង ចាន់រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរលក់ដូរ និងមានស្រុកកំណើតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុបុ្បន្នមានទីលំនៅអចិន្ត្រៃក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបន្តថា ជាមួយការឃាត់ខ្លួនជនដៃដល់សម្លាប់មនុស្សខាងលើនេះ សមត្ថកិច្ចដកហូតបានសុីមកាត១, ទូរស័ព្ទដៃម៉ាកសាំសុង១គ្រឿង, ប្រាក់២២០ដុល្លារ, ប្រាក់ខ្មែរចំនួន៣០មុឺនរៀល, កាបូបដៃពណ៌សូកូឡា១, ក្រដាស់បញ្ជាំម៉ូតូ១សន្លឹក, អត្តសញ្ញាណប័ណសញ្ជាតិខ្មែរ១សន្លឹក, ម៉ូតូម៉ាកស្មាស់រីវ៉ូ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មុនកើតហេតុ គេបានចូលលេងល្បែងនៅក្នុងណេតក្រុងតាខ្មៅនេះ ហើយបានចាញ់អស់ប្រាក់ចំនួន១១០ដុល្លារ ទើកគេចាក់សម្លាប់ជនរងគ្រោះដើម្បីយកលុយវិញ តែលុយនេះគេយកមិនបានទេដោយសារកេះលុយជាប់សោរ។

តាមប្រភពក្រោយការចាប់ខ្លួនជនសង្ស័យបានសារភាពថា ការដែលគេចាក់សម្លាប់ជនរងគ្រោះព្រោះចាញ់ល្បែងអុីនធើរណេតនៅទីនោះច្រើន ហើយថែមទាំងយករបស់របរមានតម្លៃ រួមជាមួយនឹងម៉ូតូផងទៅបញ្ចាំ ទើបមិនហ៊ានចូលផ្ទះ ខ្លាចឪពុកម្តាយស្តីបន្ទោស ទើបសម្រេចចាក់សម្លាប់ជនរងគ្រោះបំណងប្លន់យកលុយទៅលោះរបស់របរដែលដាក់បញ្ចាំ។

គួររឭកថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចផ្ទះបើកអុីធើរណេតយីហោណេតតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។ បុគ្គលិកណេតដែលត្រូវបានឃាតករសម្លាប់ឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅកន្លែងធ្វើការ និងមានស្រុកកំណើតនៅភូមិ-ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ ។

នៅថ្ងៃកើហេតុ បើតាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា បើយោងតាមការស្រាវជ្រាវគឺ នៅមុនពេលកើតហេតុ ជនសង្ស័យជាឃាតករបានចេញចូលក្នុងបន្ទប់ទឹកចំនួន៣ដង លុះក្រោយមកជនសង្ស័យបានប្រាប់ជនរងគ្រោះថា បន្ទប់ទឹកស្ទះ ហើយឲ្យជនរងគ្រោះទៅមើល។ ពេលដែលជនរងគ្រោះដើរទៅមើលដល់ក្នុងបន្ទប់ទឹកជនសង្ស័យក៏ដើរទៅពីក្រោយរួចច្រានចូលទៅក្នុងបន្ទប់ទឹកចាក់សម្លាប់តែម្តង។ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានដើរចេញពីបន្ទប់មកប្រាប់បុគ្គលិកខាងក្រៅម្នាក់ទៀតថា ជនរងគ្រោះបានដួលក្នុងបន្ទប់ទឹកបែកក្បាលហូរឈាម ឲ្យជួយទៅមើល ប៉ុន្តែបុគ្គលិកម្នាក់នេះបានឃើញជនសង្ស័យនៅក្នុងដៃមានកាន់កាំបិទ ក៏ស្ទុះរត់ចេញក្រៅផ្ទះទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយនៅពេលនគរបាលចុះមកដល់ក៏ប្រទះឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៃបន្ទប់ទឹកបាត់ទៅហើយ គ្រាដែលជនសង្ស័យក៏បានគេចខ្លួនបាត់ដែរ។

តាមប្រភពពត៌មានពីខេត្តកំពង់ស្ពឺឯណោះវិញ ឪពុកជនរងគ្រោះឈ្មោះ រ័ត្ន វាសនា បានប្រាប់ឲ្យដឹងថា គាត់មានកូន៣នាក់ កូនដែលត្រូវឃាតករសម្លាប់ជាកូនទី២ ហើយកូនរបស់គាត់មិនដែលមានរឿងរ៉ាវអ្វីនោះទេ។

ដោយផ្អែកតាមការបំភ្លឺពីឪពុកជនរងគ្រោះ និងយោងតាមភ័ស្តតាងរូបភាពកាមេរ៉ាបង្ហាញ់មុខឃាតករច្បាស់ និងត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមផងនោះ ឃាតករដែលជាជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តងនៅក្រុងសៀមរាប ហើយបានបញ្ជូនមកខេត្តកណ្តាលនាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបន្តនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ក្នុងបទឃាតកម្មគ្រោងជាមុន៕ ប៊ុន ឬទ្ធី


ចែករំលែក៖