ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅតែពុករលួយ

ចែករំលែក៖

ក្រុមមន្ត្រីនៃមន្ទីរសាធារណការខេត្តកំពង់ធំ ខ្សឹបថា លោកប្រធានរបស់ពួកគេ នៅតែបន្តប្រព្រឹត្តអំពើពុករលួយច្រើនផ្នែក ដោយមិនខ្លាចរអាថ្នាក់ដឹកនាំក្រសួងនោះឡើយ ។ គេឃើញក្រុមមន្ត្រីទៅពីក្រសួងអឺតឈ្ងោកនៅមន្ទីរនោះដែរ ប៉ុន្តែទំនងគ្រាន់តែដើម្បីរកសោហ៊ុយ… សម្រាប់ការធ្វើដំណើរទៅមកតែប៉ុណ្ណោះ ។ ហេតុដូច្នោះហើយទើបបានជា លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ នៅតែបន្តប្រព្រឹត្តអំពើពុករលួយដោយអាងអំណាចឪពុកក្មេកជាអ្នកធំ នៅភ្នំពេញនោះផង ។

ប្រភពបានឲ្យដឹងថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះ លោក ជូ កុល្លា បានកិបកេងផលប្រយោជន៍ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរបានលុយជាច្រើនទៅទិញសម្ភារសម្រាប់បម្រើឲ្យសេចក្តីត្រូវការផ្នែកវិស័យសាធារណការ ។ មានន័យថា ទិញគ្រឿងចក្រសម្រាប់ធ្វើផ្លូវ ។ នោះគឺបើរដ្ឋត្រូវការជួសជុល ឬធ្វើផ្លូវ គឺលោក ជូ កុល្លា មានគ្រឿងចក្រស្រាប់ ។ ប្រភពបានបន្ថែមថា លោកជូ កុល្លាបាននិងកំពុងយកមន្ទីរសាធារណការ ខេត្តកំពង់ធំធ្វើជាក្រុមហ៊ុន ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួននៅក្នុងពេលដែលក្រុមមន្ត្រីនៅក្នុងមន្ទីរនេះមិនដែលទទួលបានផលប្រយោជន៍បន្តិចបន្តួចនោះឡើយ ។

មន្ត្រីនៅទីនោះបានអះអាងថា ពួកគេធ្លាប់បានស្នើរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីឲ្យដោះស្រាយបញ្ហានេះដែរ ប៉ុន្តែអ្នកដែលលេចធ្លោក្នុងការប្រឆាំងជាមួយលោកប្រធាន ជូ កុល្លា ត្រូវបានដកពីតំណែងភ្លាមៗ ។ ដូច្នេះហើយទើបមិនមានមន្ត្រីណាហ៊ានចេញមុខតវ៉ានោះទេ ព្រោះថា ចេញមុខខ្លាំង នឹងត្រូវលោក ជូ កុល្លាដកចេញពីតំណែង ។ យ៉ាងណាក៏ដោយ មន្ត្រីទាំងនោះអះអាងថា ការអត់ធ្មត់មានព្រំដែន ។ ប្រសិនបើអស់ការអត់ធ្មត់ ពួកគេនឹងធ្វើបាតុកម្មឲ្យផ្អើលខេត្តកំពង់ធំតែម្តង ៕


ចែករំលែក៖