ភ្នំពេញ៖ ស្ត្រីជាមេក្លោងដែលបង្ខំឲ្យក្មេងៗដើរសុំទាន តាមទីសាធារណៈ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ រួចបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីតុលាការ បង្ហើបឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា នេះ តុលាការនឹងសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ” លោកស្រី កែវ សុគន្ធា ជាព្រះរាជអាជ្ញារងបានបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ភួង ចន្នី ពីបទការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច តាមមាត្រា១២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ” ។
គួរបញ្ជាក់ថា តើការធ្វើទាន ដល់កុមារតាមភ្លើងស្តុប ជាអំពើបុណ្យមែនទេ? ប្រទេសកម្ពុជាជាប្រទេសដែលប្រជាពលរដ្ឋ មានជំនឿមុតមាំលើព្រះពុទ្ធសាសនា រីឯការធ្វើបុណ្យដាក់ទាន ជានិមិត្តរូប នៃសេចក្តីល្អដែលប្រជាពលរដ្ឋគិតថា នឹងទទួលបានផលបុណ្យនៅថ្ងៃមុខ និងអនាគតជាតិ។
នៅពេលដែលមានអ្នកដាក់ទានកាន់តែច្រើន នៅទីសាធារណៈ រមណីយដ្ឋាន និងតាមស្តុបផ្លូវកែង ក៏មានអ្នកសុំទាន រឹតតែកើនឡើងកាន់តែច្រើនដែរ ព្រោះនៅពេលពួកគេ សុំបានស្រួល ពួកគេខ្ជិលធ្វើការ គិតតែពីដើរសុំ។
ពេលមានកូនចៅកើតមក ក៏យកមកឲ្យជួយដើរសុំទានមិនឲ្យចូលរៀន ហើយពេលក្មេងទាំងនោះធំឡើងអត់ចេះអក្សរ អត់មានជំនាញ អត់ចេះធ្វើការ មានតែដើរសុំទានបន្ត។
ពេលសាច់ញាតិ និងអ្នកជិតខាងឃើញគេសុំបានស្រួល អាចបបួលគ្នាមកសុំទានដែរ ព្រោះមិនបាច់ធ្វើការតែរកបានចំណូលច្រើន ទីបំផុតតាមស្តុប តាមទីប្រជុំជន តាមរមណីយដ្ឋាន សំបូរដោយអ្នកសុំទាន មិនត្រឹមតែប៉ុណ្ណោះអ្នកសុំទានខ្លះយកលុយទៅចាយវាយក្នុងផ្លូវខុស ដូចជាជក់គ្រឿងញៀន ផឹកស្រា លេងល្បែង…ពេលសុំទានមិនបាន ក៏បែកគំនិតប្រព្រឹត្តអំពើលួច ប្លន់ ផ្សេងៗ។
តែអ្នកខ្លះនិយាយថា ទានដែលគាត់ធ្វើទៅដោយចិត្តបរិសុទ្ធវាជាកុសល្យផលបុណ្យរបស់គាត់ រីឯអ្នកទទួលទានយកទៅធ្វើអ្វីក៏ដោយ វាជារឿងរបស់គេ តើនេះពិតជាបុណ្យមែនទេ សូមពិនិត្យករណីខាងក្រោម?
ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីម្នាក់ឈ្មោះ ភួង ចន្នី អាយុ៥០ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទកេងប្រវ័ញ្ចពលកម្មលើកុមារ និងរក្សាទុកកុមារដោយខុសច្បាប់។
ស្ត្រីខាងលើ រួមជាមួយស្ត្រីវ័យចំណាស់ម្នាក់ទៀត ត្រូវបានមន្ត្រីជំនាញ នៃការិយាល័យបង្ក្រាបបទល្មើស ជួញដូរមនុស្សកងរាជអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ, មន្ទីសង្គមកិច្ចរាជធានីភ្នំពេញ, អង្គការពន្លកថ្មី និងអង្គការ IJM ធ្វើការបង្ក្រាបជាក់ស្តែង នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារកាហ្សា ផ្លូវ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈដែលពួកគេបានបង្ខំឲ្យក្មេងៗដើរសុំទាន ហើយគេនៅមួយកន្លែងចាំយកលុយពីក្មេងៗ ព្រមគ្នានោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រំដោះបានកុមាររងគ្រោះ០៧នាក់ (ក្នុងនោះទារក០២នាក់)។
ក្រោយពេលឃាត់ខ្លួន ស្ត្រីជាមេក្លោងខាងលើបានសារភាពថា រូបគេពិតជាបានប្រមូលក្មេងៗ ពីឪពុកម្តាយក្រីក្រ និងអ្នកសុំទានផ្សេងទៀត ឲ្យមកនៅជាមួយក្នុងនាមជាកូនចៅ ឬក្មួយដើម្បីឲ្យដើរសុំទាន ពិតប្រាកដមែន ហើយរូបគេធ្វើបែបនេះប្រហែល៧ទៅ៨ឆ្នាំមកហើយ។
ដោយឡែកតាមការរៀបរាប់របស់ក្មេងៗ ដែលអាវុធហត្ថរាជធានីភ្នំពេញរំដោះបាន បានរៀបរាប់ថា ពួកគេមិនបានរៀនសូត្រទេ ហើយទទួលទានអាហារក៏មិនគ្រប់គ្រាន់ដែរ និងត្រូវបានស្ត្រីដែលឲ្យពួកគេហៅថាម៉ែគម្រាម ឲ្យដើរសុំទានគ្រប់ពេលវេលា ដោយមានបីកូនង៉ាតូចៗ ដែលមិនមែនជាប្អូនរបស់ខ្លួនជាប់ជាមួយផង ហើយពួកគេត្រូវដើរសុំទានទាំងយប់ទាំងថ្ងៃ ពិសេសកណ្តាលភ្លៀងធ្លាក់ផងដែរ ដើម្បីទាញក្តីអាណិតអាសូរ ពីអ្នកឲ្យទាននៅតាមមាត់ទន្លេ រមណីយដ្ឋានវត្តភ្នំ មុខសណ្ឋាគារកាហ្សា មុខវត្ត មុខវាំង និងតាមស្តុបកែងផ្លូវផ្សេងៗ។
ក្នុងមួយថ្ងៃពួកគេត្រូវស្ត្រីខាងលើ ដេញឲ្យទៅដើរសុំទានឲ្យបានចន្លោះពី១ម៉ឺន ទៅ៣ម៉ឺនរៀល បើសុំមិនបាន ឬបានតិចជាងចំនួនកំណត់ ពួកគេនឹងត្រូវទទួលពិន័យ ២០រំពាត់ ឬខ្សែភ្លើងទូរស័ព្ទ រហូតមានស្នាមរបួសតាមខ្លួន ក្បាល និងមុខ។
បច្ចុប្បន្នក្មេងៗទាំង៧នាក់នោះ នៅមិនទាន់អាចរកឪពុកម្តាយពិតប្រាកដពួកគេឃើញនៅឡើយទេ ហើយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ទីរសង្គមកិច្ច បានយកពួកគេប្រគល់ឲ្យអង្គការពន្លកថ្មី ដើម្បីចិញ្ចឹមបីបាច់ មើលថែរក្សា និងចូលសាលារៀនសូត្រផងដែរ។
ចំណែកស្ត្រីម្នាក់ទៀតដែលអាវុធហត្ថឃាត់មកជាមួយគ្នា គ្រាន់តែជួយពរកូនង៉ារឲ្យគេ និងមានសុខភាពទន់ខ្សោយ ព្រោះកើតជំងឺអេដស៍ធ្ងន់ធ្ងរផងនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
ចំពោះករណីខាងលើ តើអ្នកដាក់ទានទាំងនោះកំពុងធ្វើបុណ្យ ឬកំពុងជម្រុញលើកទឹកចិត្តអ្នកសុំទាន ឲ្យកាន់តែមានច្រើនក្នុងប្រទេស បាត់សេចក្តីថ្លៃថ្នូរជាតិ បាត់សណ្តាប់ធ្នាប់សង្គម ធ្វើឲ្យក្មេងទទួលទារុណកម្ម មិនបានចូលរៀន ខូចអនាគត ព្រមទាំងអាចធ្លាក់ចូលទៅក្នុងអំពើឧបាយមុខផ្សេងៗ? ប្រាក់ដែលពួកគេដាក់ទានទាំងនោះ មិនបានជាប្រយោជន៍ដល់កុមារតូចៗឡើយ គឺបានតែទៅលើដៃអ្នកនៅពីក្រោយតែប៉ុណ្ណោះ៕ ចេស្តា