ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ កម្មការិនីរោងចក្រជាច្រើននាក់ និងអ្នកមានផ្ទៃពោះម្នាក់ បានរងរបួសធ្ងន់ ស្រាល និងស្រែកទ្រហោយំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់មើល និងជួយសង្គ្រោះ ចេញពីរថយន្តភ្លាមៗ ដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដោយសារតែរថយន្តដឹកកម្មករ សង្ស័យដាច់កាឡេរ រួចជ្រុលចង្កូតទៅបុកក្លោងទ្វារអនុវិទ្យាល័យហ៊ុន សែនស្វាយតាយានកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតភូមិស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកូរ៉េចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D៤១៧០ដោយផ្ទុកកម្មករកម្មការិនីជាង៤០នាក់ ដោយធ្វើដំណើរពីជើងទៅត្បូង ខណៈនោះស្រាប់តែឃើញរថយន្តរ៉េចង្កូតពេញផ្លូវប្រមាណជិត១០០ម៉ែត្រ បណ្ដាលឲ្យកម្មករស្រែកផ្អើលគ្រប់ៗគ្នារួចជ្រុលទៅបុកក្លោងទ្វារអនុវិទ្យាល័យហ៊ុនសែនស្វាយតាយាន ពេញទំហឹងតែម្ដង។
ក្រោយមកអ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យកកម្មការិនី ដែលរងរបួស និងអ្នកមានផ្ទៃពោះម្នាក់ ដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតភ្លាមៗផងដែរ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ចំពោះអ្នកបើកបររថយន្តមានឈ្មោះ ជា ដាំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរដឹកកម្មករ រស់នៅភូមិព្រៃរបើស ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពបន្តថា មូលហេតុដែលបង្កឲ្យមានករណីនេះ កើតឡើងដោយសារតែរថយន្តចំណុះ៣តោននេះ ដាច់កាឡេ ទើបជ្រុលចង្កូតទៅបុកក្លោងទ្វារសាលាបែបនេះ។
ក្រោយមក រថយន្តត្រូវបានសមត្ថកិច្ចនគរបាលអូសមកពីផ្ទះរបស់អ្នកបើកបរមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្វាយតាយាន ដើម្បីចាត់ការតាមផ្លូវច្បាប់។
ចំណែកកម្មកកម្មការិនីមួយចំនួនដែលជិះលើរថយន្តនេះខ្លះ គ្រាន់តែរបួសបែកចិញ្ចើមស្រាល និងមានការភិតភ័យប៉ុណ្ណោះ ៕ យឹម សុថាន